ហ្សាកាតា៖ ក្រុមហ៊ុនរដ្ឋផលិតប្រេងរបស់ឥណ្ឌូនេស៊ី Pertamina បាននិយាយកាលពីថ្ងៃអង្គារទី ៣០ ខែមីនានេះថា ខ្លួននៅតែកំពុងព្យាយាមពន្លត់អគ្គីភ័យឲ្យរលត់ទាំងស្រុង ដែលបានឆាបឆេះនៅឯរោងចក្រចម្រាញ់ប្រេងនៅតំបន់ Balongan របស់ខ្លួនមួយថ្ងៃមុន ដែលធ្វើឱ្យមនុស្ស ៦ នាក់រងរបួស និងបានជម្លៀសប្រជាជនរាប់រយនាក់ផ្សេងទៀតនៅក្បែរនោះ។
នាយកប្រតិបត្តិ ក្រុមហ៊ុនផលិតប្រេងរដ្ឋ Pertamina លោកស្រី Nicke Widyawati បាននិយាយកាលពីយប់ថ្ងៃចន្ទថា អគ្គិភ័យត្រូវបានឆេះ នៅតំបន់តូចមួយ ហើយលោកស្រីមានសុទិដ្ឋិនិយមថា វានឹងអាចពន្លត់បានទាំងស្រុងក្នុងពេលឆាប់ៗនេះ។
លោក Ifki Sukarya អ្នកនាំពាក្យក្រុមហ៊ុនផលិតប្រេង Pertamina បាននិយាយកាលពីថ្ងៃអង្គារនេះថា “កាលពីម្សិលមិញ យើងបានបន្តទប់ស្កាត់អគ្គិភ័យដែលបានឆាបឆេះដែលនៅឆ្ងាយ ហើយឥឡូវនេះយើងកំពុង ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពន្លត់អគ្គិភ័យដែលនៅតែបន្តមាន” ។
បើយោងទៅតាម ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា មនុស្សប្រមាណ ៩៥០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារតែអគ្គិភ័យ និងការផ្ទុះនៅឯរោងចក្រស្ថិតនៅលើកោះជ្វាកាលពីថ្ងៃច័ន្ទ បើទោះបីជាអ្នកខ្លះបានចាប់ផ្តើមវិលត្រឡប់មកផ្ទះពួកគេខ្លះក៏ដោយ។
វីដេអូដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីអណ្តាតភ្លើងដ៏ធំដែលកំពុងឆាបឆេះផ្នែកខ្លះនៃស៊ីទែនប្រេង ដែលអាចផលិតប្រេងបានចំនួន ១២៥,០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលគេសង្កេតឃើញថាស៊ីទែនសាំងនោះអាចនឹងផ្ទុះបាន។ លោក Nicke បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃច័ន្ទថា មានតែប្រេងចំនួន ៧ ភាគរយនៃចំណុះប្រេង ១,៣៥ លានលីតនៅ Balonganតែប៉ុណ្ណោះ ដែលបានរងផលប៉ះពាល់ដោយសារអគ្គិភ័យនេះ។
ក្រុមហ៊ុនប្រេង Pertamina បានប្រាប់ឱ្យដឹងថា ករណីឆាបឆេះនេះ មិនមានអ្នកស្លាប់ដែលបណ្តាលមកពីអគ្គិភ័យនោះទេ ប៉ុន្តែក្រុមហ៊ុនថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបែរនិយាយថា ការឆាបឆេះនេះមានអ្នកស្រុកម្នាក់បានស្លាប់ដោយសារគាំងបេះដូងដែលនេះសង្ស័យថាមកពីការបុគ្គលនេះភ័យពេក។
យ៉ាងណាមិញ ក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី បាននិយាយថា បរិមាណស្តុកប្រេងឥន្ធនៈជាតិនៅតែមានសុវត្ថិភាពដដែល បើទោះបីជាមានអគ្គិភ័យនេះ។ ក្រុមហ៊ុនថា ការឆេះក្នុងតំបន់ Balongan នេះអាចធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ទីក្រុងហ្សាកាតានឹងមានកង្វៈខាត ដោយក្រុមហ៊ុននឹងត្រូវ ផ្គត់ផ្គអ់ជំនួសវិញដោយប្រើរោងចក្រចម្រាញ់ប្រេងនៅតំបន់ ស៊ីលីកាបនិង Tuban ។ សូមជម្រាបថា ប៉ូលីសនៅតំបន់កោះជ្វាខាងលិចកំពុងរង់ចាំភ្លើងរលត់ មុនពេលចាប់ផ្តើមការស៊ើបអង្កេតដើម្បីឈានទៅការកំណត់ពីមូលហេតុនៃអគ្គិភ័យនេះ៕
ប្រភព៖ រ៉យទ័រ