ភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿង បើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថីវិមានឈ្នះឈ្នះ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលមកគៀអូសរថយន្តធុនធំមួយគ្រឿងទៀត ក្រឡាប់ផ្ងារជើង ចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី វិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តៃកុងរថយន្តក្រឡាប់ មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ផ្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថីវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-4751 បើកដោយបុរសម្នាក់ ចេញពីកន្លែងប៉ះកង់ឡើងមកមហាវិថីវិមានឈ្នះឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យគៀគ្នា រហូតរថយន្តធុនធំដែលដឹកថ្ម បួងចង្កូតគេចឡើងលើសួនច្បាពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប ដាច់ក្រឡេកង់ខាងមុខ និង រថយន្តមួយគ្រឿងទៀត រងការខូចខាតទ្រង់ខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទាំងពី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សារឿន














