តាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឲ្យដឹងថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺ Covid-19 នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៣.០០០ នាក់ ជាលើកដំបូង ខណៈវីរុសដ៏កាចសាហាវនេះ នៅតែកំពុងបន្តរាតត្បាតយ៉ាងលឿន ដែលធ្វើឲ្យវិស័យសុខាភិបាលនៃប្រទេសនេះជិតដួលរលំហើយ និងធ្វើឱ្យប្រេស៊ីលក្លាយជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក បានឈានដល់ចំណុចកំពូល។
ក្រសួងសុខាភិបាលបាននិយាយថា មនុស្សសរុបចំនួន ៣០០.៦៨៥ នាក់ នៅក្នុងប្រទេសប្រេស៊ីល ពេលនេះ បានស្លាប់ដោយសារ Covid-19 ។
ហើយបច្ចុប្បន្ន ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ដែលបានឆ្លងរោគរាតត្បាតដ៏កំណាចនេះ។ វាមានចំនួនច្រើនជាង៣ដង ចាប់តាំងពីដើមឆ្នាំ ដល់មធ្យមចំនួន ២,២៧៣ សម្រាប់សប្តាហ៍មុន។
ដោយឡែក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ តាមកាសែត indeednews បានចុះផ្សាយឲ្យដឹងថា ស្ថានភាពប្រទេសប្រេស៊ីល នៅពេលនេះ គឺអាក្រក់ណាស់ ដោយមានករណីឆ្លងថ្មីរហូតចំនួន ៨៦,៧០៤ ករណី និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនរហូតដល់ ៣៦៦៨ នាក់ នៅថ្ងៃអង្គារ ម្សិលមិញនេះ។ ហើយនេះ គឺជាចំនួនមនុស្សច្រើនបំផុត ដែលបានបាត់បង់ជីវិតក្នុងមួយថ្ងៃ ដោយសារតែការកូវីដ១៩។
លោកប្រធានាធិបតី Jair Bolsonaro បានប្រកាសមុននេះថា លោកកំពុងបង្កើតគណៈកម្មាធិការវិបត្តិមួយ ដើម្បីដោះស្រាយនឹងរោគរាតត្បាតដែលជាការផ្លាស់ប្តូរពូជថ្មីនេះ។
លោក Bolsonaro បាននិយាយនៅឯវិមានប្រធានាធិបតីថា “មនោសញ្ចេតនាទូទៅ គឺសាមគ្គីភាព និងការប្តេជ្ញាចិត្ត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតតិចតួចបំផុត”។
លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា លោកនឹងកោះប្រជុំគណៈកម្មាធិការវិបត្តិ ដើម្បីដោះស្រាយស្ថានការដ៏លំបាកនេះ ដែលធ្វើឡើងរៀងរាល់សប្តាហ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




