ភ្នំពេញ ៖ នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង គ្រាដែលបុរសម្នាក់កើតទុក្ខមិនសុខចិត្ត បានសម្រេចចិត្តដាក់ពាក្យប្តឹងទៅលើបុរសម្នាក់ ព្រោះតែរឿងហៅមកផឹកស៊ី លុះគាស់ត្រូវរង្វាន់ធំ «ឡាន១គ្រឿង» ពីក្រុមហ៊ុន Ganzberg ស្រាប់តែលេងខូចយកក្រវិលកំប៉ុង គេចខ្លួនបាត់។
បុរសជាដើមបណ្តឹងឈ្មោះ ឌុល ដែន ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបររត់ម៉ូតូ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកបុរសរងបណ្តឹងពីបទរំលោភលើទំនុកចិត្ត មានឈ្មោះ សុឹម ស៊ន់ អាយុ ៣៨ ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅភូមិថ្មី សង្កាត់/ក្រុងតាខ្មៅ។
បើតាមបុរសជាដើមបណ្តឹង បានប្រាប់ឲ្យដឹងថា កាលពីវេលម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ខ្លួនបានឲ្យប្រពន្ធឈ្មោះ ឈឹម ភា យកក្រវិលកំប៉ុងស្រាបៀ GANZBERG ចំនួន ១២ ក្រវិល ទៅដូរយកស្រាបៀដដែល ដើម្បីយកមកផឹក។ ហើយនៅពេលនោះ ខ្លួនក៏បានហៅឈ្មោះ សុឹម ស៊ន់ មកផឹកជាមួយបានគ្នាជជែក ដោយមានគ្នាទាំងអស់៣នាក់រួមទាំងប្រពន្ធ។
ភ្លាមៗនោះ ឈ្មោះ សុឹម ស៊ន់ ក៏យកស្រាបៀ១កំប៉ុងមកគាស់ ហើយស្រាប់តែស្រែកឡើងស្ទើរមិនគួរឲ្យជឿថា «ត្រូវរង្វាន់ធំហើយ!!» និងបន្ទាប់មក ក៏បានបង្ហាញឲ្យឃើញទាំងអស់គ្នា គឺត្រូវរង្វាន់រថយន្តម៉ាក Ford ១គ្រឿង ពិតៗតែម្តង។ ប៉ុន្តែ នៅពេលនោះ ឈ្មោះ សុឹម ស៊ន់ ស្រាប់តែបាននិយាយទៅកាន់ម្ចាស់ផ្ទះហៅផឹកទាំងគួរឲ្យហួសចិត្តថា កុំមាត់ប្រាប់គេឯង ចាំគេចែកឲ្យ១ពាន់ដុល្លារ។
ប៉ុន្តែ ក្រោយនិយាយរួច ឈ្មោះ សុឹម ស៊ន់ ក៏ស្រាប់កាន់ក្រវិលកំប៉ុងដើរចុះដើរឡើង គេចខ្លួនបាត់ស្រមោលតែម្តង ហើយបើទោះជាព្យាយាមទូរស័ព្ទទៅយ៉ាងណា ក៏ឈ្មោះ សឹុម ស៊ន់ មិនខ្ចីលើកទូរស័ព្ទឡើយ។
ដោយគិតថា ធ្វើបែបនេះដូចជាមិនសមសោះ ព្រោះខ្លួនជាអ្នកខំចំណាយលុយទិញស្រាឲ្យផឹក តែបែរជាមានគំនិតខូចស៊ីដាច់យកតែឯងគ្មានការអៀនខ្មាសបែបនេះ ឈ្មោះ ឌុល ដែន ក៏បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីធ្វើការឃាត់ខ្លួនឈ្មោះ សុឹម ស៊ន់ មកធ្វើការដោះស្រាយគ្នា ប៉ុន្តែ ពុំបានសម្រេចឡើយ។
ភ្លាមៗនោះផងដែរ ម្ចាស់ដើមបណ្តឹងខាងលើ ក៏បានប្រញាប់ប្រញាល់ធ្វើលិខិតមួយច្បាប់ជាបន្ទាន់ សុំការអន្តរាគមន៍ពីក្រុមហ៊ុន GANZBERG ឲ្យផ្អាកការបើករង្វាន់ជូនឈ្មោះ ស៊ឹម ស៊ន់ ព្រោះត្រូវដោះស្រាយគ្នាសិន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង