Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចចោទប្រកាន់ ក្រុមចាប់ជំរិតចិនវៀតណាម ក្លែងធ្វើពេទ្យចំនួន១៤នាក់ ក្នុងបទចោទចំនួនបទល្មើសផ្សេងគ្នា

ភ្នំពេញ ៖ លោក គុជ គឹមឡុងអ្នកនាំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថានៅយប់ថ្ងៃទី៣១មីនាឆ្នាំ២០២១នេះថា សំណុំរឿងជនជាតិចិន នឹងវៀតណាមចំនួន១៤ ត្រូវបានលោកម៉ុត ដារា ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាត តាមមាត្រា២៥៤នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៩ មាត្រា៣០ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត។

សូមជម្រាបថា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យចិនវៀតណាមចំនួន១៤ នាក់បានឃុបឃិតគ្នាធ្វើសកម្មភាពចាប់ជនរគ្រោះជនជាតិចិន២នាក់ យកទៅបង្ខាំងទុកធ្វើទារុណកម្ម ជម្រិងទារប្រាក់ នៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ០៦ ផ្លូវលេខ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ។

សូមបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ចបានបើកប្រតិបត្តិការ បង្ក្រាបលើក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់នេះ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌចំការមន និងខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីលោក ម៉ុត ដារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុក្រុមជនសង្ស័យ បានស្លៀកសម្លៀកបំពាក់ជាឯកសណ្ឋានឈុត.ស.ដូចក្រុមគ្រូពេទ្យចុះយកសំណាកដោយប្រឌិតថា មានអ្នកកើតជំងឺកូវីដ១៩នៅទីនេះ ដែលជាលេស ដើម្បីធ្វើសកម្មភាពចាប់ជនរងគ្រោះបង្ខាំងទុករួចជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ។

សមត្ថកិច្ចបានបញ្ជាក់ថាសកម្មភាពបានបន្លំធ្វើក្នុងសណ្ឋាគារតែប៉ុណ្ណោះ ដោយពួកគេមិនមានប្រើប្រាស់រថយន្តសាមុយ ទៅដឹកយកជនរងគ្រោះតាមផ្ទះនោះទេ ។នៅពេលក្រុមជនសង្ស័យបាន នឹងកំពុងធ្វើសកម្មភាពនោះ មិត្តភក្តិជនរងគ្រោះបានរាយការប្រាប់សមត្តកិច្ច ទើបសមត្ថកិច្ចជំនាញក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់តាំងលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធានននាយកដ្ឋាន ចុះសហការជាមួយកម្លាំងមូលដ្ឋានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន និងវៀតណាមចំនួន១៤នាក់ នឹងរំដោះជនរងគ្រោះ២ នាក់នៅក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ស្ថិតនៅខណ្ឌដូនពេញ ។

បើយោងតាមបទចោទខាងលើជនត្រូវចោទ អាចប្រឈមនឹងបទការចាប់ ការឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ ត្រូវជាប់ពន្ធនាគារពី១០ឆ្នាំទៅ៣០ឆ្នាំក្នុងករណីប្រព្រឹត្ត, ១.ដោយមានទារុណកម្មឬអំពើឃោរឃៅ។ ២.បណ្តាលឲ្យមានមនុស្សស្លាប់ដោយគ្មានបំណងធ្វើឲ្យស្លាប់ និង៣.ប្រព្រឹត្តក្នុងគោលដៅជម្រិតយកទព្យសម្បត្តិ ឬទាមទារឲ្យបំពេញលក្ខខណ្ឌអ្វីមួយ។ (មាត្រា២៥៤(ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)នេះ នៅមិនទាន់គិតពីបទល្មើសផ្សេងផង៕រក្សាសិទ្ធិដោយ៖CEN

×