ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩នៃក្រសួងសុខាភិបាល ក្នុងក្របខណ្ឌទូទាំងប្រទេស, សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត ដើម្បីជាការចូលរួមចំណែក ទប់ស្កាត់និងការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
បុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានមកទទួលវ៉ាក់សាំងនេះ បានបង្ហាញក្តីរីករាយ ដែលមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រុមហ៊ុន។ ពួកគាត់បានលើកឡើងថា ការមកចាក់នាពេលនេះ គឺដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំឡើយ។ ពួកគាត់បន្ថែមថា វ៉ាក់សាំងពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការពារខ្លួនគាត់ និងក្រុមគ្រួសារពីជំងឺឆ្លងដ៏កាចសាហាវនេះ។
លោកវេជ្ជបណ្ឌិត វឿន គឹមហាក់ អ្នកសម្របសម្រួលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ប្រមាណជិត៧០នាក់ ដែលបានមក ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់បុគ្គលិក នៅក្របខណ្ឌក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនេះ។ លោកបានបញ្ជាក់ថា វ៉ាក់សាំង ដែលចាក់នៅពេលនេះ គឺប្រភេទស៊ីណូវ៉ាក់ (Sinovac) ដែលទើបបញ្ជូនមកកាន់ប្រទេសកម្ពុជា កាលពីចុងខែមីនា។ លោកបន្ថែមទៀតថា ចំពោះការចាក់ដូសទី២ នឹងធ្វើឡើងនៅក្នុងរយៈពេល៣សប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា សេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលចេញផ្សាយថា, លោកជំទាវ ឳ វណ្ឌឌីន រដ្ឋលេខាធិការ និងជាប្រធានគៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានលើកឡើងថា វ៉ាក់សាំងកូវី១៩ គឺជាឧបករណ៍ថ្មីមួយបន្ថែម លើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងសង្រ្គោះជីវិតមនុស្ស ដោយជួយឲ្យបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ៖CEN