ភ្នំពេញ ៖ ពិតជាចូលរួមត្រេកអរខ្លាំងណាស់ នៅពេលបានដឹងថា តារាចម្រៀងស្រីចាស់វស្សារបស់ផលិតកម្មរស្មី ហង្សមាស ពេជ្រ សោភា បានរួចផុតពីការឆ្លងជំងឺកូវីដ១៩ នៅលើកចុងក្រោយនេះហើយ ក្រោយពីលទ្ធផលធ្វើតេស្តសំណាកលើកទី៣ របស់នាងបង្ហាញថា អវិជ្ជមាន។ តែទោះយ៉ាងណាក្តី ក៏នាងនៅតែបន្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
នេះបើតាមការបញ្ចាក់ពីតារាចម្រៀង ពេជ្រ សោភា នៅមុននេះបន្តិច (ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១) ឲ្យដឹងថា៖ «លទ្ធផលធ្វើតេស្ត របស់នាងខ្ញុំទាំង៣ដងបាន ចេញមកហើយ លើកទី១៖ ថ្ងៃទី០៩ មីនា អវិជ្ជមាន, លើកទី២៖ ថ្ងៃទី១៣ មីនា អវិជ្ជមាន, លើកទី៣៖ ថ្ងៃទី២៨ មីនា អវិជ្ជមាន»។
នាងបានបន្តថា៖ «សូមអរគុណ បងប្អូនដែលបានព្រួយបារម្ភ សូមថែទាំសុខភាពទាំងអស់គ្នា បើសង្ស័យថាខ្លួនផ្ទុក កូវីដ-១៩ ខ្ញុំសូមសំពះលើកដៃ អង្វរបងប្អូន សូមចូលរួមធ្វើតេស្ត ទាំងអស់គ្នា ព្រោះការធ្វើតេស្ត គឺមិនឈឺចាប់ មិនអស់លុយ ហើយធ្វើឲ្យអោយបងប្អូន បាត់ភ័យ និង សង្ស័យទៀត។ កុំភ្លេច ៣កុំ ៣ការពារ!»។

គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កមួយរយៈកន្លងមកនេះ គឺ ពេជ្រ សោភា បានសម្ងំធ្វើបទចម្រៀងជាច្រើនបទផងដែរ ដោយក្នុងនោះ ដូចជាបទទើបតែចេញថ្មីៗនេះ មានចំណងជើងថា «នៅផ្ទះដើម្បីគ្រួសារ» ជាដើម គឺបានបង្កប់នូវអត្ថន័យណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់ និងត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងអំឡុងស្ថានភាពជំងឺកូវីដ១៩ កំពុងរាតត្បាតដ៏ធ្ងន់ធ្ងរនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


