តាកែវ ៖ សត្វជ្រូកជាង២០០ក្បាល ដែលនាំចូលខុសច្បាប់ គ្រាដែលមន្រ្តីជំនាញពិនិត្យឃើញលើជ្រូក មានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិក ដែលបានបង្ក្រាបកាលពីពេលកន្លងទៅ នៅព្រំដែនខេត្តស្ទឹងត្រែងនោះ ក្រសួងកសិកម្មបានសម្រេចដុតកម្ទេច និងកប់ចោលសត្វជ្រូកជាង២០០ក្បាល នៅស្រុកបាទីខេត្តតាកែវ នាព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២១។
លោកតាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ ការដុតកម្ទេចចោលជ្រូកជាង២០០ក្បាលនេះ គឺមានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិក ដែលឈ្មួញលួចនាំចូលខុសច្បាប់ ដែលបានបង្ក្រាបកាលពីពេលកន្លងទៅ នៅព្រំដែនខេត្តស្ទឹងត្រែង ។
សូមជម្រាបថា៖ មន្ត្រីជំនាញនៃក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធបានចាប់រថយន្តដឹកជ្រូក មួយគ្រឿងក្នុងចំណោមរថយន្តដឹកជ្រូក ចំនួន៣គ្រឿង កាលពីយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១ នៅក្នុងក្រុងស្ទឹងត្រែង។ ដោយសារតែឈ្មួញលួច នាំជ្រូកទាំងនោះ គ្មានច្បាប់អនុញាតនិងមិនបានគោរពទៅតាម វិធានការរបស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើត ជំងឺប៉េះជ្រូកអាហ្វ្រិក។
យោងតាមសមាគមចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ជំងឺប៉េះជ្រូកអាហ្វ្រិកនេះ មិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារនៅឡើយ ដែលជំងឺនេះ កើតឡើងនៅអាហ្វ្រិកជាង១០០ឆ្នាំមកហើយ។ ចំណាត់ការកម្ទេចចោលសត្វជ្រូកជាង២០០ក្បាលនេះ ស្របពេលដែលសមាគមន៍មានការព្រួយបារម្ភជាខ្លាំង ដែលអាចឈានដល់ចម្លងជំងឺនេះ ដល់សត្វជ្រូកដ៏ទៃផ្សេងទៀត នៅក្នុងស្រុក ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ៕រក្សាសិទ្ធិដោយ÷សួង សាម



