ភ្នំពញ ៖ លោក ឃួង ស្រេង បានធ្វើការបញ្ជាក់សារជាថ្មី តាមរយៈសារសំឡេង នារសៀលថ្ងៃទី០១ ខែមេសា នេះថា «ក្នុងករណីណែនាំល្ងាចនេះហើយ ថ្ងៃស្អែកយើងអនុវត្តនូវសេចក្តីសម្រេចរបស់យើង ដោយឃាត់មនុស្ស ដែលបានធ្វើចរាចរមិនអនុវត្តសេចក្តីសម្រេច យកទៅធ្វើចត្តាឡីស័ក នៅក្នុងខណ្ឌមួយៗរៀងៗខ្លួននោះ សូមកែថា យើងកុំចាំបាច់ឃាត់ តែយើងរក្សាទុកសម្ភារៈ មធ្យោបាយរបស់គាត់»។
លោក ឃួង ស្រេង ក៏បានបញ្ចាក់ថា៖ «ឧទាហរណ៍ បើគាត់ជិះម៉ូតូ យកទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃ នៅផ្ទះ បើគាត់ជិះឡាន គឺយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះ គ្រប់ ១៤ ថ្ងៃ ទើបឲ្យគាត់មកទទួលសម្ភារៈនេះឡើងវិញ។ ក្នុងករណីដែលគាត់ទៅធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្ត តាមការណែនាំ របស់សមត្ថកិច្ចយើង នោះយើងនិង អនុវត្តនូវការផាកពិន័យបន្តទៀត ។ នេះជាការកែតម្រូវ នឹងសេចក្តីណែនាំបន្ថែម សូមឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាគណៈឯកភាព ខណ្ឌទាំង១៤អនុវត្តគោលការណ៍នេះ សូមអរគុណ!»។
នៅក្នុងកិច្ចប្រជុំមួយ នៅពីព្រឹកថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២១ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការឃាត់ខ្លួនអ្នកធ្វើដំណើរទាំងឡាយណា ដែលមិនមានការចាំបាច់ ដោយនាំយកទាំងមនុស្ស និងយានយន្ត ទៅធ្វើចត្តាឡីស័ក នៅក្នុងទឹកដីខណ្ឌរៀងៗខ្លួន។
បទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញ ត្រូវបានដាក់ចេញនេះ គឺអនុវត្តទៅលើចំពោះអ្នកធ្វើដំណើរណាដែលបានបំពានបំរាមគោចរ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង៥ភ្លឺ។
គួរបញ្ជាក់ថា នៅថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសចេញសេចក្ដីសម្រេច អនុវត្ត វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បី ទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ។
ក្នុងសេចក្ដីសម្រេចនោះដែរ គឺនឹងត្រូវផ្អាកបណ្តោះអាសន្ន ការធ្វើចរាចរណ៍សកម្មភាពអាជីរកម្ម និងការប្រមូលផ្ដុំនានា នៅពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង