ស្ទឹងត្រែង ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ដោយចងកទៅនឹងខ្សែនីឡុង ក្នុងផ្ទះរបស់ខ្លួន ក្បែរទំនប់ទឹកស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សពត្រូវគេប្រទះឃើញនៅវេលាម៉ោង ៤ល្ងាចថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១។
ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋបានចោមរោម និងភ្ញាក់ផ្អើលដោយមិននឹកស្មាន។ ភ្លាមនោះសមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏បានចុះមកពិនិត្យធ្វើកោសល្យវិច័យ។
តាមការឲ្យដឹងពីអ្នកជិតខាង បានប្រាប់ថា មុនពេលកើតហេតុឈ្មោះស៊ាន ម៉ាប់ អាយុ៣០ឆ្នាំ បានមកពីផឹកស៊ីដួលម៉ូតូ រួចមកដល់ផ្ទះត្រូវប្រពន្ធស្តីបន្ទោស។ ប្រពន្ធឃើញម៉ូតូខូច ក៏យកម៉ូតូទៅកន្លែងជួសជុល ពេលត្រឡប់មកផ្ទះវិញ ត្រូវអ្នកជិតខាងប្រាប់ថា ប្ដីរបស់ខ្លួនបានចងកស្លាប់បាត់ហើយ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
តាមការឲ្យដឹងទៀតថា បុរសដែលធ្វើអត្តឃាត ដោយចងកនោះ គឺជាមនុស្សផឹកសុីស្រវឹងរាល់ថ្ងៃ ហើយបង្កទំនាស់ពាក្យសំដី ជាមួយភរិយាជាញឹកញាប់ផង៕ រក្សាសិទ្ធិដោយ៖សំណាង






