ភ្នំពេញ ៖ ថ្នាំពេទ្យ១០០ឃីតដែលជាប្រភេទថ្នាំ បង្កើនជាតិទឹកក្នុងខ្លួន ថ្នាំការពារក្តៅខ្លួន ផ្តាសាយ និងបំបាត់អាការៈឈឺចុកពោះ រួមជាមួយម៉ាស់ជាច្រើនទៀតដែលជាការឧបត្ថម្ភ របស់អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ត្រូវបានក្រុមការងារដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវយកមកប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដើម្បីបំពេញតាមម្រូវការចាំបាច់ របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលចាត់ទុកថាជាកម្លាំងស្រួច ត្រូវបានប្រើប្រាស់ជាងមួយពាន់នាក់ដែលកំពុង ចូលរួមសហការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ ។
ការប្រគល់ជូននូវថ្នាំពេទ្យនិងម៉ាស់ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវគេមើលឃើញថាជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសុវត្ថិភាពសម្រាប់កងកម្លាំងជួរមុខ នៅក្នុងតំណាក់កាលដែលរាជធានីភ្នំពេញ បន្តការគំរាមកំហែងឆ្លងដោយជំងឺឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០ កុម្ភៈ ដោយអត្រានៃអ្នកឆ្លងនិងអ្នកស្លាប់នៅតែកើតកើនឡើង ជាបន្តបន្ទាប់មិនទាន់មានសញ្ញាណាមួយ ធូរស្បើយនៅឡើយនោះទេ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខសុវត្ថិភាពកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលការឧបត្ថម្ភនេះគឺជាការឆ្លើយតបបំពេញភាពខ្វះខាតរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ សម្រាប់ចេញប្រតិបត្តិការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ការចូលរួមអនុវត្តវិធានការណ៍បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
ជុំវិញការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនក្រុមការងារតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងអង្គភាពតែងតែបានអនុវត្តតាមវិធាន របស់ក្រសួងសុខាភិបាលកម្ពុជាយ៉ាងខ្ជាប់ខ្ជួន។ ជាពិសេសបានប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅគ្រប់គោលដៅធ្វើចត្តាឡីស័ក និងគោលដៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ជាប្រចាំ ។ជាងនេះក៏បានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តចុះត្រួតពិនិត្យគោលដៅ ធ្វើចត្តាឡីស័កនិងគោលដៅព្យាបាលជំងឺកូវីដ១៩ និងបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការជួបជុំប្រមូលផ្តុំតាមសាធារណៈនិងទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ ហាងផឹកស៊ី មិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដែលបង្កជាហានិភ័យនាំឱ្យឆ្លងជំងឺកូវីដ១៩កាន់តែធ្ងន់, ចូលរួមចែកម៉ាស់និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈនិង នៅតាមសហគមន៍ពីផលប៉ះពាល់ជំងឺឆ្លងកូវីដ១៩។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា កម្លាំងនគរបាលរាជធានីភ្នំពេញ និងចាប់ផ្តើមអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ


