សៀមរាប ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរ បានឱ្យដឹងថា ក្នុងរយៈពេល ៣ ខែ ដំបូងឆ្នាំ២០២១នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប ៤.៤៨២នាក់ បានធ្លាក់ចុះ ប្រមាណ ៩៨,៨៣ភាគរយ បើប្រៀបធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ចំណូល ដែលបានមកពីការលក់ប័ណ្ណក៏ធ្លាក់ចុះផងដែរ ដោយទទួលបានជាង ១៨ ម៉ឺនដុល្លារអាមេរិក ធ្លាក់ចុះ ៩៩,២៨ភាគរយ។
ការធ្លាក់ចុះយ៉ាងគំហុកជិត១០០% នៃចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជានាពេលនេះ គឺបណ្តាលមកពីការរាតត្បាតជាសកលនៃំងឺកូវីដ១៩។
សម្រាប់ខែមីនា ឆ្នាំ២០២១ គឺគ្រឹះស្ថានអង្គរ រកចំណូលបានជាង ១ម៉ឺន ២ពាន់ដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ២៨៨នាក់។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រឹះស្ថានអង្គរ បានជូនដំណឹងដល់សាធារណៈជនជាតិ អន្តរជាតិ និងគ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរបរទេសទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលដល់វិស័យ ទេស ចរណ៍ និងធានាភាពទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលនយោបាយ លើការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់ប័ណ្ណចូលទស្សនាមរណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ៕ រក្សាសិទ្ធិដោយ៖CEN