ខេត្តព្រះសីហនុ ៖ អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានអះអាងថា បរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ មានទីតាំងនៅឃុំបិតត្រាង ស្រុកព្រៃនប់ ត្រូវឈ្មួញដី ប្រជាពលរដ្ឋ និងបុគ្គលមន្ត្រីមានអំណាចខ្លះ បានឃុបឃិតទន្ទ្រានកាប់ព្រៃ រានដីធ្វើកម្មសិទ្ធិទាំងស្រុង ប៉ុន្តែបែរជារដ្ឋបាលខេត្តព្រះសីហនុ គ្មានវិធានការទប់ស្កាត់ទៅវិញ។
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមខេត្តព្រះសីហនុ បានកត់សម្គាល់ថា គម្របព្រៃឈើឆ្នាំ២០០២ មានទីតាំងនៅភូមិគគីរ ឃុំបិទត្រាង នៅចុងឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ត្រូវប្រជាពលរដ្ឋ ឈ្មួញទិញលក់ដី ពិសេសមន្ត្រីមានអំណាចមានឋានៈជា ឯកឧត្តម លោកជំទាវ និងមានមន្ត្រីខ្លះមានឋានៈបុណ្យស័ក្តិពាក់ផ្កាយ ១ រហូតដល់ផ្កាយ២ ផ្កាយ៣ និងផ្កាយ៤ជាដើម ទន្ទ្រានធ្វើកម្មសិទ្ធិឯកជនទាំងស្រុង។ ជាងនេះ ក៏មានឈ្មួញមានទ្រព្យ មានងារជាឧកញ៉ាមួយចំនួន បានជួលមនុស្ស ឲ្យទៅកាប់រានដីព្រៃសង់ផ្ទះ នៅលើដីទាំងនោះធ្វើកម្មសិទ្ធិ និងបានរត់ការធ្វើប្លង់កម្មសិទ្ធិ ដោយបានអនុវត្តផ្ទុយ ឬផ្គើនទៅនឹងបទបញ្ជា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមន្ត្រីក្រោមឱវាទ ត្រូវថែរក្សាការពារព្រៃឈើធម្មជាតិ នៅសេសល់ឲ្យបានគង់វង្ស។
ត្រង់ចំណុចនេះ អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការក្ដៅ និងរឹបអូសបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវជនមានមហិច្ឆិតាមួយចំនួនរំលោភធ្វើកមក្មសិទ្ធិ និងមានសង់ផ្ទះ ហ៊ុំព័ទ្ធរបងរឹងមាំ ពិសេសបានពុះច្រៀកជាឡូៗ លក់ដូរបន្តអនាធិបតេយ្យរាល់ថ្ងៃនេះ យកមកដាក់ជាសម្បតិរដ្ឋគ្រប់គ្រង និងអភិរក្សដាំកូនឈើដូចដើមវិញ។
ជាងនេះទៀត ក៏ត្រូវមានវិធានការក្តៅតាមផ្លូវច្បាប់ទៅលើអ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាព ចូលទៅកាប់រានដីព្រៃធ្វើកមក្មសិទ្ធិ ជាពីសេសឈ្មួញដី ដែលចូលទិញលក់ដី គម្របព្រៃឈើឆ្នាំ២០០២ ដោយត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមាន។
ទាក់ទិនបញ្ហានេះ លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ក៏ទទូចស្នើសុំឲ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ចេញកណ្ដាប់ដៃដែករឹបអូសដីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវគេកាប់រានយកដីធ្វើកម្មសិទ្ធិនៅចុងឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ជាប់មាត់សមុទ្រ យកមកដាំកូនឈើបម្រើដល់វិស័យទេសចរណ៍ឡើងវិញ។
អ្នកឃ្លាំមើលសង្គមរូបនេះ ក៏បានទទូចដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ត្រូវនាំខ្លួនអ្នកជាប់ពាក់ព័ន្ធ ឬស្ថិតនៅពីក្រោយសកម្មភាពទន្ទ្រានរានយកដីធ្វើកម្មសិទ្ធិ នាបរិវេណគម្របព្រៃឈើឆ្នាំ២០០២ ដេលភាគច្រើនជាមន្ត្រីមានតួនាទីខ្ពស់ក្នុងក្រសួង ឬស្ថាប័នប្រដាប់អាវុធទាំងថ្នាក់ជាតិ និងមានមន្ត្រីខ្លះ កំពុងបំរើការងារនៅតាមមន្ទីរស្ថាប័នជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏មានចំណែកក្បាលដី ក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២នេះដែរ។
ផ្តើមពីបញ្ហានេះ អ្នកឃ្លាំមើលសង្គម និងពលរដ្ឋខេត្តព្រះសីហនុ បានស្នើដល់ សម្តេច ហ៊ុន សែន ជួយស៊ើបអង្កេត ឈានដល់មានវិធានការក្តៅតាមផ្លូវច្បាប់ ទៅលើឈ្មួញទិញលក់ដី និងឈានទៅដកហូតតួនាទីមន្ត្រីទាំងឡាយណា ដែលមានឈ្មោះឃុបឃិត ឬជាប់ពាក់ព័ន្ធសកម្មភាពទិញលក់ដី និងចូលទៅទន្ទ្រានកាន់កាប់បរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដោបញ្ជូនសំណុំរឿងនេះ អ្នកជាប់ពាក់ព័ន្ធ ទៅកាន់តុលាការផ្តន្ទាទោស ឲ្យបានធ្ងន់ធ្ងរ។
ជាងនេះទៀត អ្នកឃ្លាំមើលសង្គម ក៏បានស្នើដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពិនិត្យឈានដល់និរាករណ៍ ឬរំលាយប័ណ្ណកម្មសិទ្ធិ ដែលបុគ្គលមួយចំនួន ឃុបឃិតធ្វើប្លង់កម្មសិទ្ធិ និងកំពុងរត់ការធ្វើប្លង់កម្មសិទ្ធិ រំលោភកាន់កាប់ដីរដ្ឋ ឬដីគម្របព្រៃឈើឆ្នាំ២០០២ ដោយខុសច្បាប់នៅតំបន់ពយម៉ាចូវ កន្លងមក ដើម្បីឈានទៅដកហូតយកដីទន្ទ្រានកាន់កាប់ទាំងនោះ យកមកអភិរក្សដាំកូនឈើទុកជាសម្បត្តិរដ្ឋគ្រប់គ្រងដូចដើមវិញ។
បញ្ហានេះដែរ ទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ក៏បានសំណូមពរឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយការពារបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ឲ្យនៅគង់វង្ស ព្រោះបច្ចុប្បន្ន បរិវេណដីគម្របព្រៃឈើបៃតងមានទីតាំងនៅតំបន់ពយម៉ាចូវ ត្រូវឈ្មួញទិញលក់ដី ឬជនអនាធិបតេយ្យ មានទាំងមន្ត្រីមានឋានៈខ្ពស់កំពុងបំរើការងារនៅក្នុងក្រសួងស្ថាប័នថ្នាក់ជាតិមួយចំនួន មានឈ្មោះមានចំណែកក្បាលដី និងចូលទៅទន្ទ្រានកាន់កាប់ និងពុះច្រៀកជាឡូៗ លក់ដូរបន្តយ៉ាងអនាធិបតេយ្យ រលាយហិនហោចគ្មានសល់។
បច្ចុប្បន្ននេះ បរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ មានទីតាំងនៅភូមិគគីរ ឃុំបិទត្រាង ឬតំបន់ពយម៉ាចូវ ត្រូវឈ្មួញដី និងមន្ត្រីមានបុណ្យស័ក្តិខ្លះ ក្នុងជួររដ្ឋបាលខេត្តព្រះសីហនុ និងមានមន្ត្រីមានឋានៈខ្ពស់ខ្លះទៀតនៅថ្នាក់ជាតិ បានចូលទៅកាន់កាប់ និងបានពុះច្រៀកដីក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ លក់ដូរអនាធិបតេយ្យដោយគ្មានអាជ្ញាធរពីស្ថាប័នពាក់ព័ន្ធណាមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ ចេញមុខទប់ស្កាត់ទេ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាប មានមន្ទឹលថា បទល្មើសព្រៃឈើ ដែលគ្មានការបង្ក្រាប និងអាចធ្វើសកម្មភាពដោយរលូន ហើយគ្មានអាជ្ញាធរ ឬរដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់បែបនេះ ទំនងជាអាចមានជាប់ពាក់ព័ន្ធមន្ត្រីខ្លះកំពុងបម្រើការងារនៅតាមមន្ទីរ ឬស្ថាប័នជំនាញ ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុក៏ថាបានដែរ។ ពិសេសជាងនេះ ក៏ទំនងជាអាចមានមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់ ឬមានអំណាចមួយចំនួន កំពុងបំរើការងារនៅស្ថាប័នកំពូលៗថ្នាក់ជាតិ អាចមានឈ្មោះ មានចំណែកក្បាលដី នៅលើបរិវេណដីគម្របព្រៃឈើបៃតងឆ្នាំ២០០២នេះដែរ ទើប លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មិនហ៊ានចេញមុខទប់ស្កាត់បទល្មើសរានកាប់បរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ នាពេលកន្លងមក។
ទាក់ទិននេះ កន្លងមក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាពេលកន្លងមក ហាក់មានការរារែក ក្នុងការឆ្លើយបំភ្លឺជាមួយ អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ជុំវិញបទល្មើសបំផ្លាញបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ នៅតំបន់ពយម៉ាចូវ ចុងឆ្នេរអូរត្រេះខាងលើនេះ។
យ៉ាងនេះក្តី លោក យន្ត មីន ធ្លាប់បានព្រលយថា អ្នកជាប់ពាក់ព័ន្ធបទល្មើសកាប់រានបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ អាចនឹងត្រូវប្រឈមមុខច្បាប់ ឬត្រូវផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ព្រោះជាទង្វើខុសច្បាប់ ហើយស្នើឲ្យអ្នកជាប់ពាក់ព័ន្ធ ត្រូវដកខ្លួនជាបន្ទាន់។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋខេត្តព្រះសីហនុ អះអាងថា សារព្រមាន របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ហាក់គ្មានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញ បរិវេណដីព្រៃឈើធម្មជាតិ ដែលមានដើមដុះធំៗដូចម្រាមដៃ នៅក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ត្រូវរលាយហិនហោចក្នុងរយៈពេល ២ឆ្នាំមកនេះ។ ពលរដ្ឋ អះអាងថា ដីគម្របព្រៃឈើឆ្នាំ២០០២ ត្រូវបានគេកាប់ទន្ទ្រាន និងសង់ផ្ទះធំតូចរាប់រយខ្នង ព្រមទាំងបានធ្វើរបងរឹងមាំហ៊ុំព័ទ្ធ ហើយបានពុះច្រៀកជាឡូៗ លក់ដូរបន្តយ៉ាងអនាធិបតេយ្យ និងគ្មានសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធណាមួយ នៃរដ្ឋបាលខេត្តព្រះសីហនុបច្ចុប្បន្ន ចេញមុខទប់ស្កាត់នោះទេមកដល់ពេលនេះ។
ត្រង់ចំណុចនេះ លោក យន្ត មីន ទទួលស្គាល់ថា ពិតជាមានសកម្មភាពកាប់រានដីគម្របព្រៃឈើឆ្នាំ២០០២ នៅចុងឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ដោយមានឈ្មួញ និងពលរដ្ឋមួយចំនួន ដែលបានចូលទៅកាន់រានដីព្រៃទាំងនោះ បានលក់ដូរបន្តអនាធិបតេយ្យពិតមែនរាល់ថ្ងៃនេះ។
យ៉ាងនេះក្តី មិនឃើញមាន មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មានវិធានការ ទប់ស្កាត់បទល្មើសរានដីព្រៃឈើរដ្ឋនេះទេ នាពេលកន្លងមក រហូតដល់ពេលនេះដីគម្របព្រៃឈើឆ្នាំ២០០២ ដែលសម្តេច ហ៊ុន សែន ដាក់ឲ្យរដ្ឋបាលខេត្តព្រះសីហនុថែរក្សាជាគម្របបៃតងឲ្យបានគង់វង្សនោះ គឺត្រូវបំផ្លាញទាំងស្រុងអស់ទៅហើយ៕ ដែន សីមា