កំពង់ស្ពឺ ៖ ផ្ដើមចេញពីគំនុំផ្ទាល់ខ្លួនរវាងជនរងគ្រោះនិងជនសង្ស័យ ជាយូរថៃ្ងមកហើយ បុរសម្នាក់ត្រូវបានជនសង្ស័យពួនស្ទាក់កាប់ជាច្រើនពូថៅ បណ្តាលឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៨។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឃួន ចាន់ ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កសិកររស់នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ។ ចំណែកជនសង្ស័យ ឈ្មោះ សៀង ឈឺន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិព្រះខែ ឃុំដំបូករូង ។ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូនៅតាមផ្លូវលំក្រាលក្រួសក្រហម ត្រឡប់មកពីយកអាគុយសាក នៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ជនរងគ្រោះ ត្រូវបានជនសង្ស័យពាក់ម៉ាសរុំក្រម៉ា ធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះនៅចំណុចថ្លុកកក់ ខាងជើងភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច បណ្តាលឲ្យរងរបួសដៃខាងឆ្វេង និងផ្ទៃមុខ របួសជាទម្ងន់ ត្រូវបានលោកមេឃុំ នគរបាលប៉ុស្តិ៍ដំបូករូង សាច់ញាតិក្រុមគ្រួសារជនរងគ្រោះធ្វើការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុផ្ដើមចេញពីគំនុំផ្ទាល់ខ្លួនរវាងជនរងគ្រោះនិងជនសង្ស័យយូរថៃ្ងមកហើយ។ ក្រោយកើតហេតុ ដោយបានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការរង ជំនាញខេត្ដ ស្រុកបានបើកប្រតិបត្ដិការស្រាវជ្រាវបន្ទាន់តាមចាប់មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ សៀង ឈឺននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទី បានដឹកជនសង្ស័យទៅចង្អុលបង្ហាញវត្ថុតាងពូថៅដៃ ទុកនៅក្នុងកេសក្រដាស សំបកឡាំងទឹកសុទ្ធនៅកន្លែងតូបលក់ដូរ ផ្ទះជនសង្ស័យតែម្ដង។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់លើជនងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅ ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ