ភ្នំពេញ ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បាននាំមកនូវចំណូលសម្រាប់បំពេញដល់សេដ្ឋកិច្ចជាតិ និងបាននាំភ្ញៀវទេសចរ ហើយអង្គរសង្ក្រាននៅឆ្នាំ២០១៨នេះ នឹងមានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ដកាន់តែច្រើនបន្ថែមទៀត។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានថ្លែងក្នុងសន្និសីទកាសែត ស្តីពីការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅថ្ងៃទី៦ ខែមីនានេះថា ព្រឹត្តិការណ៍នេះ នឹងលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទំលាប់និងស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានរំលេចឡើងជាផ្ទាំងទស្សនីយ៍ភាពវប្បធម៌ជាច្រើន រហូតដល់ទៅ៣៣កម្មវិធីធំៗ ក៏ដូចជាការលេងល្បែងប្រជាប្រិយ៍ របាំបុរាណប្រពៃណី និងប្រជាប្រិយ ការបង្ហាពពីជីវភាពរស់នៅ របស់ប្រជាជនខ្មែរ និងទស្សនីយ៍ភាពសិល្បៈ ជាច្រើនទម្រង់ទៀត ដែលសម្តែងដោយយុវជន សិល្បករ និងសិល្បការិនីខ្មែរ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសាឆ្នាំ២០១៨ខាងមុខនេះ។
លោក ហ៊ុន ម៉ានី បានថ្លែងទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ គឺបាននាំមកនូវចំណូលសម្រាប់បំពេញដល់សេដ្ឋកិច្ចជាតិ និងបាននាំភ្ញៀវទេសចរ ដូចនេះសង្ឃឹមថា អង្គរសង្ក្រាននៅឆ្នាំនេះ នឹងមានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្ដកាន់តែច្រើនបន្ថែមទៀត ដោយកន្លងមក បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អាចទាក់ទាញភ្ញៀវទេសចរ និងធ្វើឲ្យចំណូលសេដ្ឋកិច្ចជាតិ បានកើនឡើងជារៀងរាល់ឆ្នាំ។ ចំនួនភ្ញៀវទេសចរ ១៧៩.១៥៤នាក់ នៅក្នុងឆ្នាំ២០១៣ រហូតដល់១,៦លាននាក់ ក្នុងឆ្នាំ២០១៧ និងចំណូលសេដ្ឋកិច្ចចូល ក្នុងខេត្តសៀមរាម បានកើនឡើងប្រមាណជិត ១០០លានដុល្លារ។
លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ក្រុមការងារនិងប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្គ្រាន្ត បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៨នេះ មាន៣៣កម្មវិធីធំ ដោយក្នុងនោះមាន១៥កម្មវិធីថ្មី ពិសេសនឹងដាក់បង្ហាញ មុខហនុមានយក្ស ដើម្បីលើកស្ទួយល្ខោនខោល និងមានការតាំងបង្ហាញនូវយុទ្ធនាការ ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១.០០០ម៉ែត្រ ដែលនឹងផ្ដល់នូវភាពសប្បាយរីករាយ ប្លែកអារម្មណ៍ជូនដល់ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសជាតិ-អន្ដរជាតិ៕ ដោយ៖បញ្ញាស័ក្តិ