ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រដ្ឋបាលសារពើពន្ធ ប្រមូលពន្ធលើស នូវចំនួនប្រាក់ពន្ធដែលអ្នកជាប់ពន្ធត្រូវបង់ ហើយកាន់តែមិនចង់ឃើញបង់ខ្វះប្រាក់ពន្ធ ដែលអ្នកជាប់ពន្ធត្រូវបង់ដែរ គឺបង់ឱ្យត្រឹមត្រូវតាមច្បាប់កំណត់។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក OH NAKYOUNG ឯកអគ្គរាជទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញអធិបតីភាព ក្នុងវេទិកាពន្ធដារកម្ពុជា-កូរ៉េ ស្តីពី ប្រព័ន្ធពន្ធដារកម្ពុជា និងកំណែទម្រង់រដ្ឋបាលសារពើពន្ធ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់។
ថ្លែងក្នុងឱកាសនោះ លោក OH NAKYOUNG បានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់លោកអគ្គនាយកពន្ធដារ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាថ្ងៃនេះ ដែលផ្តល់ឱកាសដល់ អ្នកវិនិយោគិនកូរ៉េនៅកម្ពុជា អាចស្វែងយល់កាន់តែច្បាស់ទៀត អំពីប្រព័ន្ធពន្ធដារកម្ពុជា ក្នុងគោលដៅពង្រឹងអនុលោមភាពពន្ធ ខណៈដែលទំហំនៃការវិនិយោគរបស់កូរ៉េ មានទំហំធំជាពិសេស វិស័យវាយនភណ្ឌ ផលិតកម្ម សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុនិងធានារ៉ាប់រង និងកសិកម្ម។ បន្ថែមពីលើនេះ សហគ្រាសធុនតូច និងមធ្យមរបស់សហគ្រិនកូរ៉េ កាន់តែមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ទាប់មក លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានធ្វើការកត់សម្គាល់អំពីសារសំខាន់ នៃវត្តមានរបស់វិនិយោគិនកូរ៉េ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ វេទិកាថ្ងៃនេះ គឺជាលើកទី១ រវាងអគ្គនាយកដ្ឋានពន្ធដារ ជាមួយនឹងទីភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) និង សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ហើយជំរុញលើកទឹកចិត្តឱ្យ មានការរៀបចំវេទិកាបែបនេះ ជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងកិច្ចសហការគ្នា រវាងសហគ្រាសជាអ្នកជាប់ពន្ធ និងរដ្ឋបាលសារពើពន្ធ ដើម្បីពង្រឹងអនុលោមភាពពន្ធ ជាពិសេស ចង់ឃើញសហគ្រាសកូរ៉េទទួលបាន អនុលោមភាព មាស GOLD certificateផងដែរ។
ក្នុងន័យនេះ លោកប្រតិភូ ៖ មិនចង់ឃើញរដ្ឋបាលសារពើពន្ធប្រមូលពន្ធលើសនូវចំនួនប្រាក់ពន្ធដែលអ្នកជាប់ពន្ធត្រូវបង់ ហើយកាន់តែមិនចង់ឃើញបង់ខ្វះប្រាក់ពន្ធ ដែលអ្នកជាប់ពន្ធត្រូវបង់ដែរ គឺបង់ឲ្យត្រឹមត្រូវតាមច្បាប់កំណត់ប៉ុណ្ណោះ”។ លោកគង់ វិបុល បានគូសបញ្ជាក់ថា ផ្តើមចេញពីការអនុវត្តនូវកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ លទ្ធផលនៃបេសកកម្មក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ តែងតែសម្រេចបានលើសផែនការច្បាប់បានកំណត់ ជាពិសេសសម្រាប់ឆ្នាំ២០១៧នេះ សម្រេចនូវលទ្ធផលជាប្រវត្តិសាស្ត្រជូនរាជរដ្ឋាភិបាល ដោយសម្រេចបាន១១៣ភាគរយ ធៀបនឹងផែនការច្បាប់កំណត់។ លទ្ធផលនេះ គឺមិនអាចកាត់ផ្តាច់បានពី ការគាំទ្ររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងហ្មត់ចត់ របស់អគ្គនាយកដ្ឋានពន្ធដារ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ព្រមទាំងការចូលរួមរបស់សហគ្រាស ជាអ្នកជាប់ពន្ធទាំងឡាយ។ ការធ្វើកំណែទម្រង់នានា គឺចង់ឱ្យអ្នកជាប់ពន្ធរីករាយសប្បាយចិត្ត ក្នុងការបង់ពន្ធជូនរដ្ឋ តាមរយៈការផ្តល់សេវាល្អជូនអ្នកជាប់ពន្ធ ដោយពន្ធដារត្រូវបន្តនូវបេសកកម្មនៃកំណែទម្រង់ ទន្ទឹមនឹងគ្នានេះ សហគ្រាសក៏ត្រូវចូលរួមកំណែទម្រង់ផងដែរ ដោយពង្រឹងនូវការគោរពច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី ៥ បាននិងកំពុង អនុវត្តន៍យ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤ – ២០១៨ ក្នុងនោះគឺ ទី១ មិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី។ ទី២ មានតែពង្រឹងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារមានស្រាប់។ ទី៣ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យអស់សក្តានុពលដែលមានស្រាប់ និងទី៤ ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ៕ ដោយ៖បញ្ញាស័ក្តិ