Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បង្ហាញ​ការគាំទ្រ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការបន្ត​កិច្ចសហការ និង​ការគាំទ្រ​ពេញទំហឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គ​រ​សង្គ្រាន្ត ឆ្នាំ​២០១៨ នៅលើ​ទឹកដី​ខេត្ត​សៀមរាប ក្រោម​ការចាត់ចែង​របស់​សហភាពស​ហព័​ន្ធ​យុវជន​កម្ពុជា ដែល​មាន​បេសកកម្ម​បណ្តុះបណ្តាល​យុវជន​កម្ពុជា ឱ្យក្លាយ​ទៅ​ជា​សសរទ្រូង និង​ជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដែល​រៀបចំឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​លោក ហ៊ុន ម៉ា​នី ក្នុង​ការដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាពិសេស​ផ្តួចផ្តើម​បង្កើតឲ្យមាន​ព្រឹត្តិការ​ណ៍​អង្គរ​សង្ក្រាន្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់ ចូល​មក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​នាំមក​នូវ​ប្រាក់ចំណូល​រាប់​លាន​ដុល្លារ សម្រាប់​ប្រជាពលរដ្ឋ និង​អាជីវករ​នៅក្នុង​ខេត្ត​សៀមរាប​។​

​ជា​ការឆ្លើយតប​លោក​ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​ឱកាស​ដល់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើ​បទ​បង្ហាញ​ទាក់ទង​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​អង្គ​រ​សង្គ្រាន្ត ឆ្នាំ​២០១៨ ក៏ដូចជា​ការគាំទ្រ​នានា​ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តល់​ជូន​នា​ពេលកន្លងមក​។ លោក​ប្រធាន ក៏​បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី អំពី​ទស្សនាទាន និង​វត្ថុបំណង​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​បង្កើតឡើង​ដើម្បី​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ លើកស្ទួយ​កិត្យានុភាព​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​បំផុសស្មារតី​សាមគ្គី​រវាង​ប្រជាជន​ខ្មែរ ជា​ពិសេស​យុវជន​-​យុវនារី ឲ្យមាន​មោទនភាព និង​ស្រឡាញ់​វប្បធម៌ អរិយធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដែល​ជា​អត្តសញ្ញាណ​ជាតិ​។

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ នឹង​ត្រូវ​រៀបចំ​ឡើង​រយៈពេល ៤​ថ្ងៃ (​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី ១៦ ខែ​មេសា​) ក្រោម​ប្រធានបទ “សាទរ​មរតក​កម្ពុជា​” ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ធ្វើ​ការស្វែងយល់​កេរដំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​បុព្វបុរស​ខ្មែរ​។ ព្រឹត្តិការណ៍​នេះ ក៏​នឹង​នាំមក​នូវ​ផ្ទាំងទស្សនីយភាព​វប្បធម៌​ជាច្រើន​ទម្រង់​ដូចជា​៖ ការ​លេងល្បែង​ប្រជាប្រិយ ការសម្តែង​របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ ព្រមទាំង​ការបង្ហាញ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ផ្សេងៗ នៅខាងមុខ​ប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណ​ពិព័រណ៍​ឃ្យុ​ង​យូ ផាប់​ស្ទ្រីត និង​សួនច្បារ​ព្រះរាជដំណាក់​នៃ​ខេត្តសៀមរាប​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×