នេះគឺជាខណៈពេលដ៏រំជួលចិត្ត និងរំភើបខ្លាំងបំផុត ស្ទើរតែមិនគួរឲ្យជឿ ខណៈដែលស្រ្តីម្នាក់បានរកឃើញកូនក្រមុំដែលនឹងត្រូវក្លាយជាប្រសារខ្លួនឆាប់ៗ តាមពិតនាងគឺជាកូនស្រីបង្កើតរបស់គាត់ ដែលបានបាត់ខ្លួនជាង២០ឆ្នាំមកហើយ។
យោងតាមសារព័ត៌មាន 8 World News បានឲ្យដឹងថា ស្រ្តីម្នាក់បានចូលរួមក្នុងពិធីមង្គលការកូនប្រុសរបស់នាង នៅទីក្រុងស៊ូចូវ ប្រទេសចិន កាលពីថ្ងៃទី ៣១ ខែមីនា នៅពេលនោះ គាត់បានកត់សម្គាល់ឃើញខ្នៅសម្គាល់នៅលើដៃកូនក្រមុំ។ ស្ត្រីចំណាស់បានដឹងថា ខ្នៅសំគាល់នេះមើលទៅគួរឲ្យសង្ស័យខ្លាំងណាស់ថា កូនក្រមុំអាចជាកូនស្រីបង្កើតរបស់នាងដែលបានបាត់ខ្លួននៅពេលនាងនៅក្មេង។
ដំបូងឡើយ គាត់មានអារម្មណ៍រអើលៗ ប៉ុន្តែ ព្រោះតែចង់ដឹងការពិត និងដើម្បីឲ្យអស់មន្ទិលសង្ស័យ គាត់ក៏សួរទៅកាន់ម្តាយកូនក្រមុំថា “តើអ្នកបានយកកូនស្រីនេះមកចិញ្ចឹមមែនទេ?”។
គ្រួសារនោះ ពិតមានការតក់ស្លុតជាខ្លាំង នៅពេលបានលឺសំណួរនេះ ព្រោះពួកគេមិនដែលប្រាប់អ្នកណា អំពីរឿងលាក់បាំងនេះទេ។
ស្រ្តីរូបនោះ បន្ទាប់មក ក៏បានពន្យល់ថា ខ្នៅនៅលើដៃកូនក្រមុំ គឺដូចគ្នានឹងកូនស្រីរបស់គាត់ដែរ ហើយបន្ទាប់មក គ្រួសារនោះក៏បានប្រាប់ការពិតថា នាងត្រូវបានយកមកចិញ្ចឹម។ លឺបែបនេះ កូនក្រមុំក៏ចាប់ផ្តើមយំស្រក់ទឹកភ្នែកតែម្តង។
នាងបាននិយាយថា ការស្វែងរកឃើញឪពុកម្តាយរបស់នាង នៅពេលនេះ គឺជាពេលវេលាដ៏សែនរីករាយជាងការរៀបការទៅទៀត។
ទោះយ៉ាងណា នាងមានការព្រួយចិត្តខ្លះដែរ ព្រោះពេលនេះ នាងកំពុងរៀបការជាមួយបងប្រុសបង្កើតរបស់នាង ប៉ុន្តែ ម្តាយរបស់នាងបានបញ្ចេញថា កូនប្រុសរបស់នាងក៏ត្រូវជាកូនចិញ្ចឹមផងដែរ។
យោងតាម Oriental Daily បាននិិយាយថា គ្រួសារនោះ (ម្ចាស់ដើមការ) បានរកឃើញក្មេងស្រីម្នាក់ (កូនក្រមុំ) នៅតាមដងផ្លូវ កាលពីជាង ២០ ឆ្នាំមុន ហើយបានសម្រេចចិត្តយកនាងមកធ្វើជាកូនចិញ្ចឹមតែម្តងទៅ។
ចំណែកម្តាយរបស់បង្កើតរបស់នាង នៅពេលដើរស្វែងរកកូនស្រី (កូនក្រមុំ) ដែលបានបាត់ខ្លួន ដោយរកអស់ពីលទ្ធភាពពុំឃើញ ចុងក្រោយ ក៏សម្រេចចិត្តយកក្មេងប្រុសម្នាក់ ដែលជាកូនកំលោះ មកចិញ្ចឹមជំនួស តែមិននឹកស្មានថា វាសនាពួកគេបានជួបគ្នានៅពេលនេះដោយចៃដន្យយ៉ាងនេះសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

