ខេត្តស្វាយរៀង ៖ ពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ បានធ្វើការរិះគន់ដល់អាជ្ញាធរខេត្ត-ស្រុក ថា៖ ពុំមានចំណាត់ការចំពោះក្រុមហ៊ុនដែលមានគ្រឿងចក្រនិងរថយន្តធុនយក្សដឹកដី ដែលកំពុងធ្វើការដឹកដីបំផ្លាញផ្លូវលំមួយខ្សែជាប់និងថ្នល់ជាតិលេខ១តាមក្លោងទ្វារវត្តសំបួរ ស្ថិតនៅក្នុងភូមិ ព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងផ្លូវចុះតាមភូមិឃុំជាច្រើន ក្នុងភូមិសាស្ត្រទឹកដីស្រុកស្វាយទាប បានធ្លាក់អាចម៍ដីពាសពេញថ្នល់ហុយដីដូចភ្លើងឆេះព្រៃ ហើយពលរដ្ឋមានលំនៅដ្ឋានជិតៗនោះបានលើកឡើងថា៖ ជារៀងរាល់ថ្ងៃដីហុយខ្លាំងណាស់រស់នៅពិបាកដកដង្ហើមដោយដីហុយនិងស្ទើរកើតជម្ងឺរបេងស៊ីសួតទៅហើយពុំដែលឃើញមានអាជ្ញាធរចុះមកធ្វើការហាមឃាត់ឬណែនាំដុះលាងសម្អាតផ្លូវជាតិនិងជួសជុលផ្លូវលំដែលកំពុងរងការខូចខាតមានជង្ហុកជ្រៅធំៗដែលពីមុនផ្លូវនេះមានសភាពល្អព្រមទាំងមានចាក់ក្រាលខ្សាច់ភ្នំ ប៉ុន្តែឥឡូវនេះផ្លូវស្ទើរក្លាយទៅជាស្រះទុកចិញ្ចឹមត្រីពូជទៅហើយ។
ពលរដ្ឋខាងលើបានបន្តទៀតថា៖ បើសិនជាអាជ្ញាធររឺក៏ស្ថាប័នដែលមានការពាក់ព័ន្ធនាំគ្នាឃើញកន្ទេលធំបន្លំដេកនោះ ហើយបណ្តោយអោយមានការដឹកដីពីសំណាក់រថយន្តធំៗដោយពុំមានគ្របតង់រឺដំបូលឱ្យបានត្រឹមត្រូវកុំឱ្យធ្លាក់ដីពាសពេញថ្នល់យ៉ាងនេះទៀត នោះច្បាស់ជាប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរតាមដងផ្លូវជាតិនិងផ្លូវលំមួយនឹងជួបទុក្ខវេទនាជាក់ជាពុំខានឡើយ។ ហើយជាពិសេសគឺបងប្អូនកម្មករកម្មការិនីរោងចក្រចេញចូលធ្វើដំណើរតាមថ្នល់ជាតិនិងផ្លូវលំមួយចំនួនពិតជាជួបការលំបាកហើយព្រោះរដូវប្រាំងហុយដីងងឹតមេឃបើរដូវភ្លៀងគឺរអិលដូចគេចាក់ខ្លាញ់ពេលធ្វើដំណើរម្តងៗគឺញាក់សាច់។
ពលរដ្ឋខាងលើសំណូមពរដល់អាជ្ញាធរដែលមានការពាក់ព័ន្ធទាំងអស់កុំនាំគ្នានៅកន្តើយ សូមមេត្តាកុំធ្វើជាមន្ត្រីជើង១០អី សូមអញ្ជើញចុះទៅពិនិត្យមើលផងបាទ!!! ម្យ៉ាងវិញទៀត ផ្លូវជាតិលេខ១រាជរដ្ឋាភិបាលបានខិតខំស្ថាបនាបានល្អស្អាតហើយ ប៉ុន្តែមានអ្នកមកបំផ្លាញពោលគឺផ្ទុយទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងច្បាប់ចរាចរណ៍ផ្លួវគោកដែលតម្រូវអោយរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ដឹកគ្រួស ត្រូវមានការគ្រប់គ្រងចងគ្របបិទបាំងអោយជិតកុំមានការធ្លាក់ ដី ថ្ម ខ្សាច់ គ្រួស ដែលអាចងាយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាតិនិងផ្លូវលំ។ពាក់ព័ន្ធករណីខាងក្រុមអ្នកសារព័ត៍មានមិនអាចសុំការបំភ្លឺពីលោកអភិបាលស្រុកស្វាយទាបបាននោះទេដោយទូរស័ព្ទរបស់លោកលេខ ខលចូលពុំមានអ្នកលើកប៉ុន្តែបើតាមប្រភពពីមន្ត្រីសាលាខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៍មានតាមទូរស័ព្ទឱ្យដឹងថា ៖ នៅពេលដឹកដីហើយខាងក្រុមហ៊ុនដឹកដីគេនឹងធ្វើការជួសជុលកន្លែងផ្លូវដែលរងការខូចខាតឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរដែលធ្លាប់ឆ្លងកាត់កន្លែងផ្លូវដែលរងនូវការខូចខាតដោយសាររថយន្តដឹកដីទាំងនោះរង់ចាំមើលគុណភាពផ្លូវដែលជួសជុលនោះបានល្អរឺក៏ធានាគុណភាពបានប៉ុន្មានដង្ហើមចង្រឹតទៅ?៕ ដោយ ៖ វ៉ៃកូ