ភ្នំពេញ ៖ តារាសម្តែងចាស់វស្សា សឿ សុធារ៉ា កាន់តែបញ្ចេញសញ្ញាប្លែកៗ បង្ហាញពីភាពប្រេះស្រាំជីវិតប្តីប្រពន្ធជាមួយស្វាមីលោក សាពូន មីដាដា ហើយ។ តែទោះយ៉ាងណា រហូតមកទល់ពេលនេះ ភាគីលោក មីដាដា ពុំបានចេញមុខបកស្រាយនៅឡើយទេ បើទោះជាមានសារព័ត៌មានជាច្រើន បានចុះផ្សាយពីរឿងរ៉ាវជីវិតគូរបស់អ្នកទាំងពីរជាហូរហែយ៉ាងណា ក្រោយពីអ្នកនាង សឿ សុធារ៉ា ជារឿយៗតែងលើកយករឿងជីវិតគ្រួសារលែងល្ហូកល្ហឺនដូចមុន នៅលើបណ្តាញសង្គម។
ដោយឡែក ថ្មីៗនេះ សឿ សុធារ៉ា បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលសារជាថ្មី ខណៈបានបង្ហោះសារបង្ហាញតម្រុយកាន់តែច្បាស់យ៉ាងដូច្នេះថា៖ «សូមផ្សងប្រាថ្នាបុរសម្នាក់ស្មោះ ហើយត្រង់និងខ្ញុំ សូមផ្ញើវាសនាលើតែកំលោះ បើគាត់មិនប្រកាន់អតីតកាលខ្ញុំ»។ បន្ទាប់មក សឿ សុធារ៉ា ក៏បានបង្ហោះសារមួយទៀតបញ្ជាក់ថា៖ «ក្នុងមួយជីវិតនេះ ខ្ញុំសុំរៀបការតែ ២ ដងទេ បងប្អូនទាំងអស់គ្នា តែ បើសិនជា ការរៀបការលើកទីពីររបស់ខ្ញុំ នៅតែទទួលបានភាពបរាជ័យទៀត បេះដូងខ្ញុំ អាចគ្មានប្រអប់ចំពោះ រឿងស្នេហា ទៀតឡើយ »។
ជាមួយសារពីការបើកបេះដូង ទទួលយកស្នេហាថ្មីយ៉ាងចំហរបែបនេះ នោះអាចនិយាយបាន ទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកទាំងពីរ ប្រាកដណាស់ ឈានដល់ដំណាក់កាលចែកផ្លូវគ្នាមែនទែនហើយ។
គួរបញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍ រវាងអ្នកនាង សឿ សុធារ៉ា និងលោក សាពួន មីដាដា ត្រូវបានដឹងថា មានរយៈពេល ១១ ឆ្នាំ ហើយ។ ដោយអ្នកទាំងពីរទទួលចំណងដៃកូន២នាក់ ដោយក្នុងនោះ កូនស្រីច្បងមានអាយុ ១០ ឆ្នាំ និងកូនប្រុសពៅ ទើបមានអាយុ ៣ ឆ្នាំ ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







