ភ្នំពេញ ៖ នារីស្រស់ស្អាតជាជនជាតិវៀតណាមម្នាក់ បានបើករថយន្តLexus GS300 មួយគ្រឿង វ៉ាជែងរថយន្តបាញ់ស៊ីម៉ងត៍ដោយសង្ស័យថារថយន្តជាប់ហ្គា ក៏បួងចង្កូតមកជ្រុលទៅបុករបាំងទ្រូងផ្លូវពេញទំហឹង ស្របពេលរថយន្តបាញ់ស៊ីម៉ងត៍មកពីក្រោយ បានបុកចំពាក់កណ្តាលបន្ថែមបណ្ដាលឲ្យរថយន្តជាប់គ្នាសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧ និង១០ នាទីយប់ថ្ងៃអង្គារទី ៦ ខែមេសាឆ្នាំ២០២១ ចំណុចមុខផ្សាឃ្លាំងរំសេវក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីស្រស់ស្អាតម្នាក់ បានបើករថយន្តម៉ាកLexusGS 300 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2-BF 9246 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើហេតុ បានបើកភ្លើងស៊ីញ្ញូវ៉ាជែងរថយន្តបាញ់បេតុង បណ្ដាលជាប់ហ្គារថយន្តបួងចង្កូតទៅបុករបាំងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តនៅទទឹងផ្លូវ ស្របពេលដែលរថយន្តបាញ់ស៊ីម៉ងត៍ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ5A 1746 បើកដោយបុរសម្នាក់មកពីក្រោយជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុកបន្ថែមបណ្ដាលឲ្យផ្ទុបជាប់គ្នារងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយពិនិត្យឃើញថាមិនមានខូចខាតទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏បានឲ្យភាគីទាំង២ សម្របសម្រួលគ្នាដោយម្ចាស់រថយន្តទាំងសងខាងព្រមស្មើគ្នា ដោយយករថយន្តទៅជួលជុលរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ៖ សា មេត



