តាកែវ៖ រថយន្តប្រមាណជាង៣ពាន់គ្រឿង ត្រូវបានអាជ្ញាធរខេត្តតាកែវ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្នុងរយៈពេល ២៤ថ្ងៃ គឺចាប់ពីថ្ងៃទី ០៩ខែកុម្ភៈ ដល់ថ្ងៃទី០៤ មិនា ឆ្នាំ២០១៨ នេះ ។
លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី ០៧នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តតាកែវ បានធ្វើការចុះត្រួតពិនិត្យនៅតាមផ្លូវជាតិជាប់ស្រុកបាទី ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស និងស្រុកគីរីវង់ បានចំនួន ៣.១៦៤គ្រឿង ក្នុងនោះរកឃើញរថយន្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ២៩៦២គ្រឿង រថយន្តខុសនឹងលក្ខណៈបច្ចេកទេសលើសប្រវែងបណ្តោយចំនួនកាត់ភ្លាមចំនួន ០៤គ្រឿង បានដោះដែកតទ្រង់រថយន្តចំនួន ០២គ្រឿង រថយន្តដឹកសំពីងសំពោង រោះរើសសាងឥវ៉ាន់រួចំនួន ៧០គ្រឿង ដោះរានរថយន្តតូរីសចំនួន ២២គ្រឿង និងឃាត់រថយន្តរក្សាទុកចំនួន ១០៤គ្រឿង រថយន្តខាងលើគឺខុសពីរថយន្តដើមដែលអូសចេញពីក្រុមហ៊ុន ។
លោកប្រធានមន្ទីរ បន្តទៀតថា ទន្ទឹមនឹងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅលើផ្លូវជាតិលេខ០២ និងផ្លូវជាតិលេខ០៣នេះ ក្រុមការងារថ្នាក់ខេត្ត ក៍បានធ្វើការអប់រំ និងណែនាំផងដែរទៅដល់ម្ចាស់ យានយន្តទាំងនោះអំពីផ្លូវច្បាប់ ក៍ដូចជាការកែច្នៃរថយន្តដែលខុសពីលក្ខណៈបច្ចេកទេស ដែលវានាំឲ្យមានបញ្ហាកើតមានឡើងដូចជាខុសច្បាប់ ឬក៍អាចនឹងគ្រោះថ្នាក់កើតឡើងផ្សេងៗ តាមរយៈការដឹកធ្ងន់ហួសហេតុពីរថយន្តដែលបានកែច្នៃ ។
ជាមួយគ្នានេះដែរ លោក ណុប នី ប្រធានមន្ទីរ ក៏បានធ្វើការអំពាវនាវទៅដល់ម្ចាស់យានយន្តទាំងអស់ដែលកំពុងតែធ្វើចរាចរណ៍នៅតាមដងផ្លូវទាំងអស់ សូមកុំធ្វើការកែច្នៃ តទ្រុង ដឹកលើសទម្ងន់ ឬក៍ដឹកសំពីងសំពោង ព្រោះវាពិតជាធ្វើឲ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិច្រើនលើការជួសជុល និងថែទាំ ពិសេសគឺអាចនឹងជួបនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាយថាហេតុ ដោយសារតែបងប្អូន ម្ចាស់យានយន្តទាំងនេះកែច្នៃខុសបច្ចេកទេស ៕ តាកែវ