ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដាក់ចេញផែនការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដែលផ្តោតសំខាន់លើអភិក្រមចំនួន ៣សំខាន់ៗ។
គណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទា សេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES សហប្រធាននៃគណៈកម្មការគោលនយោបាយ CARES ដែល មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធវីដេអូ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានបញ្ជាក់ថា អភិក្រមទាំង ៣ នោះគឺគឺការងើបឡើងវិញ និងការរស់រាន, ការកែទម្រង់ជារចនាសម្ព័ន្ធ និងការលើកកម្ពស់ភាពធន់។ នៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ច កម្ពុជា ក្រោយ វិបត្តិ ជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានវិភាជន៍ថវិកាប្រមាណ ១,១៦ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ កន្លងទៅ (ដោយក្នុងនោះ ថវិកាប្រមាណ ៨២៩លានដុល្លារ ត្រូវបានបើកផ្តល់រួចហើយ) និងប្រមាណជាង ៧១៩ លានដុល្លារអាមេរិកទៀត ក្នុងឆ្នាំ២០២១នេះ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ គឺជាការងារអាទិភាពធំបំផុត។ ជាក់ស្តែង ចាប់តាំងពីការរាតត្បាតដំបូងនៃនៃជំងឺកូវីដ-១៩ មកម្ល៉េះ, រាជរដ្ឋាភិបាលតែងបាន យកចិត្តទុកដាក់ និងផ្តល់ អាទិភាព យ៉ាងខ្លាំង បំផុតលើ៖ (១).ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន (២).ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ (៣).ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង (៤).ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅ ថា (CARES) មានទឹកប្រាក់សរុបប្រមាណ ២៥០លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់អង្គការ JICA ប្រមាណ ២៣៨លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ ឱ្យទទួលបានជោគជ័យ៕
រក្សាសិទ្ធិដោយ៖CEN