រាជធានីភ្នំពេញ ៖មានករណីឃាតកម្មសម្លាប់នារីជាសង្សាររបស់ខ្លួនក្នុងបន្ទប់ជួល ហើយជនដៃដល់ក្រោយធ្វើសកម្មភាពរួច មិនបានរត់គេចខ្លួននោះទេ សុខចិត្តសំងំនៅក្នុងបន្ទប់កើតហេតុ និងត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួននាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនរងគ្រោះ ឈ្មោះ នង ចន្ទ្រា អាយុ២៤ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើត ភូមិអាស្ទាំង ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ដោយឡែក ជនសង្ស័យឈ្មោះសែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អ្នកជិតខាងបន្ទប់កើតហេតុ បាននិយាយឱ្យដឹងថា អ្នកទាំង២ជាសង្សារនឹងគ្នា ហើយធ្លាប់បែកគ្នាម្តងហើយ ប៉ុន្តែមួយរយៈក្រោយ គេឃើញពួកគេត្រូវគ្នាវិញ គ្រាន់តែមិនបានស្នាក់នៅក្នុងបន្ទប់ជាមួយគ្នាទេ ។ កាលពីយប់ថ្ងៃទី៦ ខែមីនា គេឃើញជនបង្កមករកជនរងគ្រោះ រួចក៏បាត់ខ្លួនរហូត លុះនៅព្រឹកនេះ ម្ចាស់ផ្ទះជួលអត់ឃើញនារីរងគ្រោះទៅធ្វើការ ក៏ឡើងទៅមើលដល់ក្នុងបន្ទប់ជួលក៏ឃើញជនរងគ្រោះដេកស្លាប់តែម្តង ហើយជនបង្កអង្គុយលើឥដ្ឋក្បែរជនរងគ្រោះ។ ជនសង្ស័យត្រូវបានដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី ដោយមិនដឹងថាជនសង្ស័យមានរឿងអ្វី ៕ ដោយ៖បញ្ញាស័ក្តិ