ភ្នំពេញ ៖ លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពីបញ្ហាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស គឺស្មើនឹងការលើកស្ទួយបញ្ហាសិទ្ធិមនុស្ស ហើយថាកម្ពុជានាពេលបច្ចុប្បន្នកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ។

លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាការងារ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោកកែវ រ៉េមី បានគូសបញ្ជាក់ប្រាប់ទៅលោកស្រីរ៉ូណា ស្មីត ថា ពេលនេះរដ្ឋាភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ។
លោក កែ រ៉េមីបានបញ្ជាក់ថា កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សម្រាប់អ្នកយកសិទ្ធិទាំងនេះ ទៅប្រើប្រាស់ពិតប្រាកដ និងស្របតាមច្បាប់ប៉ុណ្ណោះ។ លោក កែ រ៉េមី បានថ្លែងថា ប្រសិនបើនិយាយពីសិទ្ធិមនុស្ស ត្រូវបែងចែកឲ្យបានច្បាស់ថា ប្រសិនបើប្រើប្រាស់សិទ្ធិមនុស្ស ជារបៀបវារៈពិតប្រាកដ ជាប្រធានបទមួយពិតប្រាកដ នោះសិទ្ធិមនុស្សល្អ និងជាការលើកស្ទួយ នៃសិទ្ធិមនុស្ស តួយ៉ាងអ្នកជាប់ពន្ធនាគារ គណៈកម្មាធិការសិទ្ធិកម្ពុជា បានតាមទៅមើលជនទាំងនោះដល់ពន្ធនាគារ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ និងការរស់នៅរបស់ពួកគាត់ បើនិយាយពីសង្គមខ្មែរឲ្យតែអ្នកជាប់គុក គឺដឹងតែអាក្រក់ ប៉ុន្តែនៅកម្ពុជាមានច្បាប់គោរពសិទ្ធិមនុស្សដូច្នេះត្រូវតែគោរព។
អ្នកស្រី រ៉ូណា ស្មីត បានលើកឡើងថា កម្ពុជាមានស្ថេរភាព សន្តិភាពមានហើយ ក៏ប៉ុន្តែអ្នកស្រីសូមស្នើឲ្យវាដើរទន្ទឹមគ្នា ជាមួយសិទ្ធិមនុស្ស ហើយថា ប្រសិនបើរាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់បញ្ហាសិទ្ធិមនុស្សវាធ្វើ ឲ្យមានបញ្ហាក្នុងសង្គម។
លោកស្រី រ៉ូណា ស្មីត បានថ្លែងថា នៅក្នុងសង្គមណាក៏ដោយ ក៏មានការផ្តាស់ប្តូរដែរ។
នៅក្នុងជំនួបនោះភាគីទាំងពីរបានជជែកគ្នាយ៉ាងច្រើនលើបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនដែរ។
ពាក់ព័ន្ធនឹងការមានគំនិតមិនស្របគ្នានោះ លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា អ្វីដែលរដ្ឋាភិបាលខ្មែរបានធ្វើ និងកំពុងតែធ្វើនាពេលនេះ គឺដើរនៅលើផ្លូវត្រូវ។ បើតាមលោកកែវ រ៉េមី ៖ កង្វល់នានារបស់លោកស្រីរ៉ូណា ស្មីត អំពីកម្ពុជានោះ គឺដោយសារតែនៅពេលនេះលោកស្រីមិនទាន់យល់ពីរដ្ឋាភិបាលកម្ពុជា ហើយថ្ងៃណាមួយលោកស្រីនឹងយល់ច្បាស់ថា រដ្ឋាភិបាលកម្ពុជាធ្វើត្រឹមត្រូវ៕ ដោយ ៖ បញ្ញាស័ក្តិ



