ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជាឲ្យលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងថ្មី ត្រូវមានភារកិច្ចចាំបាច់រៀបចំ និងសិក្សាអំពីទីតាំងដែលជាជម្រកស្នាក់នៅ របស់កងកម្លាំងការពារ នៅតាមបន្ទាត់ព្រំដែន ឲ្យបានល្អប្រសើរជាងបច្ចុប្បន្ន ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនកងកម្លាំងនៅតាមព្រំដែន ដែលខិតខំបំពេញការងារ និងឈរជើងការពារបូរណភាពទឹកដី។
បន្ថែមលើនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា សម្រាប់ខេត្តមណ្ឌលគិរី គឺត្រូវបង្ការដាច់ខាត មិនត្រូវឲ្យមានករណីចំនួន ២រឿង កើតឡើងបន្តទៀត នោះទេនៅថ្ងៃខាងមុខរួមមាន៖ ទី១ ករណីកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់អ្នកការពារព្រៃឈើចំនួន ៣នាក់ និងទី២ ករណីឆេះផ្សារ សែនមនោរម្យ ដែលហេតុការណ៍ទាំងពីរនេះ បានកើតឡើងក្នុងខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។
ឯកឧត្តម នេត សាវឿន បានឲ្យដឹងដូច្នេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តមណ្ឌលគិរី។
នាឱកាសនោះ ឯកឧត្ដមសន្តិបណ្ឌិត នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ញាទៅស្នងការខេត្តមណ្ឌលគិរី ទើបឡើងកាន់តំណែងថ្មីថា ត្រូវបន្តរៀបចំវគ្គសិក្សាដល់មន្ត្រីនគរបាលសណ្ដាប់ធ្នាប់អគ្គីភ័យឲ្យមានបច្ចេកទេសច្បាស់លាស់ ព្រោះឆ្លងកាត់ករណីឆេះផ្សារសែនមនោរម្យ ឃើញថា មន្ត្រីពន្លត់អគ្គីភ័យ គឺនៅខ្វះបទពិសោធន៍នៅឡើយ។
ឯកឧត្ដម នេត សាវឿន បានបន្ថែមថា ថ្នាក់ដឹកនាំស្នងការដ្ឋានខេត្តមណ្ឌលគិរី ក៏ត្រូវរៀបចំផែនការឲ្យល្អិតល្អន់ សហការ ជាមួយអង្គភាពពាក់ព័ន្ធ បង្ការការពារក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឬបោះឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ និងត្រូវអប់រំ ដាក់វិន័យដល់កម្លាំងដែលល្មើសច្បាប់ឲ្យស្របតាមវិន័យ របស់កងកម្លាំងនគរបាលជាតិ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា លោកក៏សូមកោតសរសើរដល់លោកស្នងការចាស់ ចំពោះសមិទ្ធិផលល្អៗ ដែលលោកសម្រេចបាន និងស្នើដល់លោកស្នងការថ្មី ត្រូវយកចំនុចល្អៗទាំងនេះ ទៅបន្តការងារដឹកនាំអង្គភាពនេះជាបន្តទៀត។ ចំណែកមន្ត្រីក្នុងស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ទាំងមូល ត្រូវរក្សាស្មារតី រួមគ្នាបំពេញការងារការពារសន្តិសុខជូនសង្គមជាតិឲ្យបានល្អថែមទៀត ព្រោះការផ្លាស់ប្ដូរផ្ទេរភារកិច្ចស្នងការ នៃស្នងការដ្ឋាន គឺជាការកែទម្រង់មួយ សំដៅរកសមិទ្ធិផលល្អជូនសង្គមជាតិ។
សូមបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី គឺលោកឧត្ដមសេនីយ៍ទោ អ៊ុក សំណាង អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារកិច្ចទៅបំពេញការងារថ្មី ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។ ចំណែកលោកឧត្ដមសេនីយ៍ត្រី ឡោ សុខា អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវបានប្រកាសតែងតាំង មកកាន់តំណែងថ្មី ជាស្នងការនគរបាលខេត្តមណ្ឌលគិរី។
ទន្ទឹមនេះ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានជម្រុញដល់ លោកស្នងការថ្មី ត្រូវការពារទប់ស្កាត់ បទល្មើសតាមបន្ទាត់ព្រំដែន ឲ្យមានប្រសិទ្ធិភាព និងបន្តយកចិត្តទុកដាក់ជាមួយមន្ត្រីថ្នាក់ក្រោម ព្រមទាំងអង្គភាពពាក់ព័ន្ធ ក្នុងបំណងការពារសន្តិសុខជូនពលរដ្ឋឲ្យល្អប្រសើរ ។
នាឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបទទួលតំណែងថ្មី ក៏បានប្ដេជ្ញាថា គោរពតាមបទបញ្ជាថ្នាក់លើ គោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ខិតខំបំពេញភារកិច្ច អនុវត្តតួនាទី បម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត ព្រមទាំងដឹកនាំមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អនុវត្តតួនាទីឲ្យបានល្អប្រសើរ៕ ដោយ៖ សមុទ្រឈើ