Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម បានស្នើ​ឲ្យ JICA ពិនិត្យ​លទ្ធភាព​ជួយ​ដល់​ប្រព័ន្ធ​ខ្សែ​ច្រវាក់​រក្សា​ផល​ត្រី និង​បន្លែ​ក្នុង​ទូ​ត្រជាក់​

​ភ្នំពេញ ៖ លោក រដ្ឋមន្ត្រី​កសិកម្ម វេ​ង សាខុន បានទទួល​ជួប​លោកស្រី KAMEI Haruko នាយិកា​អង្គការ JICA ប្រចាំ​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ក្រុមការងារ​បច្ចេកទេសរ​បស់​គម្រោង​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​រួម​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សម្រាប់​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២១​។​

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​មតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោកស្រី​នាយិកា និង​សមាជិក​ក្រុមការងារ​បច្ចេកទេស ដែល​បាន​ខិតខំ​បំពេញ ការងារ​យ៉ាង​ស្វិតស្វាញ​សម្រេចបាន​លទ្ធផល​ដែល​យើង​នឹង​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា​ក្នុងពេល​បន្តិចទៀតនេះ​។​

​លោក​បន្តថា សកម្មភាព​នេះ​បាន បង្ហាញ​ពី​ការចូលរួម​ទទួលខុសត្រូវ​លើ​ការអនុវត្ត​គម្រោង​ដែល​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើត​ឱកាស​ការងារ និង​កំណើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។​

​កិច្ច​ប្រជុំបាន​ដំណើរការ​តាម​កម្មវិធី ដោយបាន​លើកយក​លទ្ធផល​របស់​គម្រោង​នីមួយៗ និង​បញ្ហាសំខាន់ៗ​មក​ពិនិត្យ វាយតម្លៃ និង​ពិភាក្សា ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​សកម្មភាព​របស់​គម្រោង​រក្សាបាន​នូវ​និរន្តរភាព ជោគជ័យ ស្របទៅតាម​បរិបទ​នៃ​ស្ថានភាព​បច្ចុប្បន្ន​។ លទ្ធផល​គម្រោង​ដែល​លើក​យកមក​បង្ហាញ និង​ពិភាក្សា​មាន ៖ ការលើកកម្ពស់​ផលិតកម្ម​ពូជស្រូវ ការកសាង​សមត្ថភាព​ទៅលើ​ផលិតផល​កសិកម្ម នៅក្នុង​ការវិភាគ​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម ការ អភិវឌ្ឍន៍​និង​ផ្សព្វផ្សាយ​នូវ​ប្រព័ន្ធ​ផលិតកម្ម​និ​រ​ន្ទ​រ​ភាព​ផ្អែកលើ​ការគ្រប់គ្រង​សត្វល្អិត​លើ​ដំណាំ​ដំឡូង​មី​។​

​បន្ទាប់ពី​បាន​ស្តាប់​ការធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​អំពី​លទ្ធផល​របស់​គម្រោង​ទាំង​៣ ដោយ​មន្ត្រី​ជំនាញ JICA រួចមក អង្គ​ប្រជុំបាន​ពិភាក្សា ចោទសួរ និង​ផ្តល់យោបល់​ទាក់ទង​នឹង​ដំណើរការ​នៃ​ការអនុវត្ត​គម្រោង វឌ្ឍនភាព​ដែល​យើង​ទទួលបាន​នាពេលនេះ រួមទាំង​បញ្ហា​នានា​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ស្របតាម​ស្ថានភាព​ជាក់ស្តែង​ដែល​យើង​កំពុង​ប្រឈម​នាពេលនេះ​។ តាម​ការបង្ហាញ​របស់​មន្ត្រី​អនុវត្ត​គម្រោង ឃើញថា​លទ្ធផល​សំខាន់ៗ​ដែល​គម្រោង​ទទួលបាន​គឺ​៖

  • គម្រោង​បានរៀបចំ​ប្រព័ន្ធ​វាយតម្លៃ និង​បញ្ជាក់​គុណភាព​គ្រាប់​ពូជស្រូវ (QDS: Quality Declared Seed System) និង​បាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ពិនិត្យ និង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​លើកដំបូង​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រព័ន្ធ​នេះ​បាន​សាកល្បង​អនុវត្ត​រួចហើយ​នៅ​ខេត្តព្រៃវែង តាកែវ និង​ខេត្ត​មួយចំនួនទៀត​។​
  • បាន​បង្កើន​ការយល់ដឹង​អំពី​ការប្រើប្រាស់ គ្រោះថ្នាក់ ការវិភាគ និង​ការគ្រប់គ្រង​ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ ព្រមទាំង​ការយល់ដឹង​អំពី​បច្ចេកទេស និង​ច្បាប់​ពាក់ព័ន្ធ​ដែលមាន​ជា​ធរមាន​។​
  • បាន​អភិវឌ្ឍ​ប្រព័ន្ធ​ផលិតកម្ម​ពូជ​ដំឡូង​មី និង​អភិរក្ស​ពូជ​តាមរយ​:​ការបណ្តុះ​ជាលិកា​នៅ​មន្ទីរពិសោធន៍ សុខភាព​ពូជ សត្វល្អិត និង​ជំងឺឆ្លង​។​ល​។​
  • ជួយ​លើកកម្ពស់​សមត្ថភាព​យ​ល់​ដឹង​អំពី​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​វារីវប្បកម្ម ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការបញ្ជាក់​វិញ្ញាបនបត្រ​គុណភាព​ផលិតផល​ត្រី ដូចជា Cam-GAP និង Cam-ORG​។​
    ​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​លទ្ធផល​ដែល​ក្រុមការងារ​សម្រេចបាន និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ឲ្យ​បន្ត​ខិតខំ​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​គម្រោង​មាន​ឥទ្ធិពល​កាន់ តែ​ទូលំទូលាយ​ដល់​ថ្នាក់មូលដ្ឋាន ជាពិសេស​វា​រី​វប្បករ កសិករ និង​សមាគមន៍​កសិកម្ម​ផលិត​ពូជស្រូវ ដំឡូង​មី ទទួល​យកទៅអនុវត្ត​បានល្អ​ប្រសើរ ប្រយោជន៍​ចូលរួម​លើកកម្ពស់​ផលិតភាព ផលិត​កម្មពូជ វារីវប្បកម្ម ធានាបាន​គុណភាព និង​សុវត្ថិភាព​។​

​ព្រមជាមួយ​គ្នា លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ JICA ពិនិត្យ​លទ្ធភាព​ជួយ​ដល់​ប្រព័ន្ធ​ខ្សែ​ច្រវាក់​រក្សា​ផល​ត្រី និង​បន្លែ​ក្នុង​ទូ​ត្រជាក់ ដើម្បី​រក្សាទុក​ផលិតផល​បានយូ ជាពិសេស​ជួយ​ដល់​សមាគមន៍​ផលិត​បន្លែ ឬ​បណ្តុំ​អាជីវកម្ម​បន្លែ និង​ត្រី​នៅ​ខេត្ត​គោលដៅ​របស់​គម្រោង​៕​

×