ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី អស់លោក លោកស្រីជា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាមួយលោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោកស្រី ពៅ សុភាព ទីប្រឹក្សាក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប លើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធជាស្ត្រីក្នុងខេត្ត ប្រមាណ ៧០០នាក់ ។
មានប្រសាសន៍ក្នុងពិធីនោះ លោកអភិបាលខេត្ត បានបញ្ជាក់អំពីគោលបំណងនៃការរៀបចំទិវាដ៏មានអត្ថន័យនេះគឺដើម្បីរំលឹកនូវប្រវត្តិតស៊ូ និងការសាមគ្គីភាពរបស់ស្ដ្រី ដើម្បីទាមទារសិទ្ធិស្មើគ្នា និងឱកាសដូចគ្នាជាមួយនិងបុរស និងអបអរសាទរចំពោះសមិទ្ធផលនានាដែលស្ដ្រីសម្រេចបានទាំងក្នុងឋានៈ តួនាទី សិទ្ធិ និងសេរីភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ហើយនៅឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ដើម្បីរំលេចឲ្យឃើញពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័នទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាព និងសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្ត្រី ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រីក្នុងការកសាងសន្តិភាព និងវឌ្ឍនភាពសង្គម ។
លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះសមត្ថភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាស្ត្រីទាំងអស់ក្នុងខេត្ត ដែលបានចូលរួមចំណែកនាំឲ្យខេត្តមានការអភិវឌ្ឍរីកចម្រើនឈានឡើងជាលំដាប់ ដែលអាចនិយាយបានថា “ស្ត្រីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។
ក្នុងឱកាសនោះផងដែរ លោក ម៉ែន វិបុល ក៏បានលើកឡើងពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះស្ត្រីតាមរយៈការដាក់ចេញនូវគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងបង្កើតនូវយន្តការជាតិគាំទ្រជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិស្ត្រីក្នុងការទទួលបានការថែទាំសុខភាព ការអភិវឌ្ឍសមត្ថភាព ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱកាសការងារ ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ ការការពារខាងផ្លូវច្បាប់ ធ្វើយ៉ាងណាឲ្យស្ត្រីចៀសផុតអំពីអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរតាមគ្រប់រូបភាព ព្រមទាំងការបង្កើននូវតួនាទីរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងការធ្វើសេចក្ដីសម្រេចចិត្តនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
លោកម៉ែន វិបុល បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ ជាមួយនិងការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្នុងនាមអភិបាលខេត្តលោក ក៏បានស្នើដល់គ្រប់អង្គភាពទាំងអស់ត្រូវផ្តល់ឱកាសដល់ស្ត្រីក្នុងការទទួលបានតួនាទីសមស្របទៅតាមសមត្ថភាព បទពិសោធន៍ និងតម្រូវការភារកិច្ចរបស់អង្គភាពនីមួយៗ និងបានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាស្ត្រីទាំងអស់ ឲ្យបន្តចូលរួមចំណែកក្នុងការថែរក្សា ការពារសុខសន្តិភាព និងកសាងប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀត ជាពិសេស ត្រូវចូលរួមជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ។
ជាចុងបញ្ចប់ គណៈអធិបតីក៏បានផ្ដល់កិត្តិយសចែកជូកអ្នកចូលរួមទាំងអស់ ម្នាក់ៗទទួលបានសំពត់១ សឹង១ និងថវិកា២ម៉ឺនរៀលផងដែរ ៕ វ៉ៃកូ