ខេត្តកោះកុង ៖ ប្រជាពលរដ្ឋខេត្តកោះកុង ចោទថា ទំនិញគេចពន្ធជាច្រើនប្រភេទ នៅតែបន្តនាំចូលតាមច្រកព្រំដែនខេត្តកោះកុង ពិសេសច្រកព្រំដែនកម្ពុជា-ថៃ ច្រកចាំយាម ដោយសមត្ថកិច្ចស្ថាប័នជំនាញ មិនបានត្រួតពិនិត្យទំនិញនាំចូលទាំងនោះឲ្យបានត្រឹមត្រូវទេ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ ដែលជាអាជីវករប្រកបរនៅខេត្តកោះកុង បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ឲ្យចុះស៊ើបអង្កេត សកម្មភាព របស់មន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលកំពុងប្រចាំការនៅច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ច្រកចាំយាម និងច្រកផ្សេងទៀតនាខេត្តកោះកុង ដើម្បីពង្រឹងសកម្មភាពចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ នាំចូលពីប្រទេសថៃឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ទំនិញគេចពន្ធឲ្យមានប្រសិទ្ធភាព និងបង្កើនចំណូលថវិកាជាតិ។
ទាក់ទិនបញ្ហានេះ អ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គមខេត្តកោះកុង បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តកោះកុង ដឹងដែរថា បច្ចុប្បន្ននេះ ពួកគេនៅតែបន្តទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៃ សកម្មភាពនាំទំនិញគេចពន្ធពីប្រទេសថៃ ចូលមកកម្ពុជា នៅតាមច្រកព្រំដែនមួយចំនួន ពិសេសច្រកចាំយាមខេត្តកោះកុង។
អ្នកឃ្លាំមើលមួយចំនួន បានអះអាងថា រាល់ថ្ងៃនេះ ឃើញមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួន ប្រចាំការនៅច្រកចាំយាមខេត្តកោះកុងរួមមាន៖ មន្ត្រីនគរបាលប្រចាំច្រកទ្វារចាំយាម មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុងជាដើមហាក់មានភាពធូរលុង ក្នុងសកម្មភាពចុះត្រួតពិនិត្យទំនិញនាំចូលតាមច្រកព្រំដែនចាំយាម ដោយរង់ចាំទទួលការបង់លុយពីឈ្មួញ ឬពីអាជីវករបង់ជូន មន្ត្រីស្ថាប័នជំនាញនីមួយៗ គឺចប់រឿង ដោយមិនបានត្រួតពិនិត្យដឹកតាមរថយន្ត ឬមធ្យោបាយផ្សេងៗ ឲ្យបានត្រឹមត្រូវទេ។
ត្រង់ចំណុចនេះ លោក ញៀប សំអឿន អ្នកសម្រួបសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង បានឲ្យដឹងថា រាល់ថ្ងៃនេះ ឃើញមានទំនិញដឹកតាមរទេះ ពិសេសទំនិញដឹកតាមរថយន្តធំៗ ឆ្លង កាត់ តាម ច្រក ចាំយាម គឺមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ពិសេសមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង និងមន្ត្រី សាខា កាំកុងត្រូលខេត្តកោះកុង មិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ។
បញ្ហានេះ លោកស្នើដល់ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវ ទៅសកម្មភាពចុះអនុវត្តការងារ របស់ មន្ត្រីជំនាញប្រចាំការនៅច្រកព្រំដែនចាំយាម ខេត្តកោះកុង ដើម្បីឲ្យប្រាកដថា តើអាចមានជាប់ពាក់ព័ន្ធ ការអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងខូចគុណភាពតាមច្រកព្រំដែននេះ ខុសច្បាប់ជាថ្នូរទទួលបានសំណូកពុករលួយដែរឬយ៉ាងណា?។
អ្នកឃ្លាំមើលសង្គមរូបនេះ បានកត់សម្គាល់ឃើញថា កន្លងមកមន្ត្រីជំនាញនៅតាមស្ថាប័នខ្លះ ប្រចាំការនៅច្រកទ្វារចាំយាម បានត្រួតពិនិត្យតែទៅលើឯកសារនាំចូលទំនិញ ឬទទួលត្រឹមសំណូកលុយកាក់ ដែលឈ្មួញ ឬពាណិជ្ជករនាំចូលទំនិញទាំងនោះ បង់ជូនស្ថាប័ននីមួយៗ ដែលឈរប្រចាំការមាត់ច្រកព្រំដែន តែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានត្រួតពិនិត្យទំនិញនាំចូលនោះឲ្យបានត្រឹមត្រូវនោះទេ។
ផ្តើមពីបញ្ហានេះទាំងអ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋខេត្តកោះកុង បានសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជួយបញ្ជូនមន្ត្រីស្អាតស្អំ ឲ្យចុះស៊ើបអង្កេតសកម្មភាពបំពេញការងារ របស់មន្ត្រីជំនាញប្រចាំការនៅច្រកទ្វារចាំយាមខេត្តកោះកុង ដើម្បីឈានទៅអាចទប់ស្កាត់អំពើពុករលួយ កើតចេញពីការអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាពនៅតាមច្រករបៀង តាមផ្លូវសមុទ្រ និងតាមច្រកទ្វារអន្តរជាតិកម្ពុជាថៃច្រកចាំយាមឲ្យមានប្រសិទ្ធភាព។
ទំនិញគេចពន្ធ ដែលបន្តនាំចូលតាមច្រកចាំយាម និងច្រកផ្សេងៗទៀតនាខេត្តកោះកុង ត្រូវបានអ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋរស់នៅខេត្តកោះកុង ទាល់តែមានការអនុញ្ញាតពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាម ពិសេសស្ថាប័នគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុងជាដើម ទើបពាណិជ្ជករទាំងនោះ អាចនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាព ចូលពីប្រទេសថៃ ចូលមកកម្ពុជាបានដោយគ្មានការហាមឃាត់ ដោយចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តកោះកុង មិនទាន់អាចទាក់ទង លោក ងុយ ជៀង ប្រធានច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ ដែលថា ច្រកទ្វារព្រំដែនកម្ពុជា-ថៃចាំយាម មានបទល្មើសឈ្មួញទំនិញគេចពន្ធនាំចូលតាមច្រកព្រំដែននេះបានទេ នៅរសៀលថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០១៨។
ប៉ុន្តែទាក់ទិនការចោទនេះ កន្លងមកមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ មួយចំនួន ប្រចាំការនៅច្រកទ្វារចាំយាម ខេត្តកោះកុង មានមន្ត្រីគយ និងរដ្ឋាករខេត្តនេះជាដើម បានបដិសេធន៍ថា ពួកគេមិនបានឃុបឃិតជាមួយឈ្មួញ ជាថ្នូរទទួលបានសំណូកលុយកាក់ពុករលួយ ជាថ្នូរអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ឬទំនិញខូចគុណភាពតាមច្រកព្រំដែន ចេញពីប្រទេសថៃ ចូលមកកម្ពុជាដូចការចោទប្រកាន់នោះទេ។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋមានរបរលក់ដូរ និងអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមខេត្តកោះកុង បានអះអាងថា រាល់ថ្ងៃនេះ ទំនិញគេចពន្ធគ្រប់ប្រភេទ ពិតជាបន្តនាំចូលតាមទាំងច្រកតាមផ្លូវសមុទ្រ និងច្រកចាំយាម ពិតមែន។
ពួកគេចោទសមត្ថកិច្ចជំនាញស្ថាប័នមួយចំនួនប្រចាំការនៅតាមច្រកព្រំដែនខេត្តកោះកុង មានច្រកចាំយាមជាដើមថា បានទទួលផលប្រយោជន៍ពីឈ្មួញជាថ្នូរ អនុញ្ញាតឲ្យនាំចូលទំនិញគេចពន្ធជាច្រើនប្រភេទរួមមាន ៖ មានម៉ូតូស៊េរីទំនើបៗ សម្ភារៈសំណង់ សម្ភារៈផ្ទះបាយ គ្រឿងសង្ហារឹម មុខម្ហូបសមុទ្រស្រស់ៗ ជង្គង់មាន់ខូចគុណភាព គ្រឿងសម្អាង ភេសជ្ជៈ ឬអាហារកំប៉ុងគ្រប់ប្រភេទ ដែលខូចគុណភាព និងជិតហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម៕ ដែន សីមា