រតនគិរី ៖ បុរសម្នាក់ដែលជាកូនប្រសា តែងតែផឹកស្រាស្រវឹងរករឿងជេរប្រពន្ធ ហើយក្នុងថ្ងៃកើតហេតុ បាន កាន់ពូថៅដេញកាប់ឪពុកក្មេកថែមទៀត ធ្វើឲ្យឪពុកក្មេករត់បះសក់ ក៏ទាញគល់ឫស្សីមួយ វាយតបទៅកូនប្រសាបណ្តាលឲ្យស្លាប់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរខ្វេះ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះដែលស្លាប់ឈ្មោះ សេង ចាន់ឌឿន អាយុ៣៨ឆ្នាំ ជាកូនប្រសា។ ចំណែកជនបង្កជាឪពុកក្មេកឈ្មោះ ប្រាក់ ភារុន អាយុ ៤៩ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិ ឃុំ កើតហេតុ។
មន្ត្រីអធិការនគបាលស្រុកកូនមុំ បានឱ្យដឹងថា ជនសង្ស័យបានយកគល់ឫស្សីវាយទៅលើជនរងគ្រោះត្រូវជាកូនប្រសារហូតដល់ស្លាប់នៅនឹងកន្លែងភ្លាមៗ ។
តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានឱ្យដឹងថា អំពើហិង្សាមួយនេះផ្តើមចេញពីជនរងគ្រោះបង្កឡើងដោយដើរផឹកស៊ីស្រវឹងរករឿងឈ្លោះ និងប្រើអំពើហិង្សាដល់ប្រពន្ធកូនជារៀងរាល់ថ្ងៃ តែងតែជេរដៀលពូជរាលដាលដល់ឪពុកក្មេកម្តាយក្មេកជារឿយៗ ស្ទើរតែធ្វើឲ្យឪពុកក្មេកទ្រាំលែងបានម្តងៗ ។ ក្នុងថ្ងៃកើតហេតុ ជនរងគ្រោះនោះបានបង្កទំនាស់យ៉ាងខ្លាំង និងប្រើអំពើហិង្សាក្នុងគ្រួសារ និងយកកាំបិតខ្វែវដេញកាប់ឪពុកក្មេកតែត្រូវឪពុកក្មេកឆក់បានគល់ឫស្សីវាយសំពងបានមុនរហូតដល់ស្លាប់នៅនឹងកន្លែងតែម្តងទៅ ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថ និងអធិការដ្ឋានស្រុកកូនមុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនភ្លាមៗ ដើម្បីកសាងសំនុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ