Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនប្រដាប់អាវុធ​ជា​មន្ត្រី​យោធា បាញ់​ជនរងគ្រោះ​២​នាក់

spot_img

ភ្នំពេញ ​៖ ជនប្រដាប់អាវុធ​ជា​មន្ត្រី​យោធា ដែល​បាញ់​មនុស្ស​២​នាក់​ឲ្យ​រងរបួស​ជា​ទម្ងន់​នោះ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ ត្រូវ​លោក លី សុខ​ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លូន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​ជនជាប់ចោទ​ឈ្មោះ ប៊ុន តេង កើត​ឆ្នាំ​១៩៨៦ មាន​មុខរបរ​ជា​យោធា ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ T53A ផ្លូវ​W23C7 សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ជនជាប់ចោទ បាន​សារភាព​ថា​ពិតជា​បាន​បាញ់ប្រហារ លើ​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ពិតប្រាកដ​មែន ដោយ​ប្រើប្រាស់​អាវុធ​ខ្លី​១​ដើម ម៉ាក BERATA នា​ពាក់កណ្តាល​អធ្រាត្រ យប់​ម៉ោង​១២៖៣០​នាទី​ឈានចូល​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្ទះ​ជួល​នៅតាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​ទី​១៖ ឈ្មោះ សិ​ង វិន ភេទ​ស្រី អាយុ​២៥​ឆ្នាំ បាន​រងរបួស​ចំនួន​០៣​គ្រាប់ (​ចំ​ស្មា​ខាងស្តាំ​ចំនួន​២​គ្រាប់ និង កំភួនដៃ​ខាងឆ្វេង ១​គ្រាប់​) និង​ជនរងគ្រោះ​ទី​២៖ ឈ្មោះ គង់ វិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​រងរបួស​ចំនួន​១​គ្រាប់ (​ចំ​ស្មា​ខាងស្តាំ​)​។​

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង បាន​ចូល​មក​សារភាព​កំហុស​ខ្លួន ដើម្បី​ទទួល​ទោស​តាមច្បាប់ នា​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​រត់គេចខ្លួន​អស់​រយៈពេល​៥​ថ្ងៃ​។​

​ជនដៃដល់​ឆ្លើយ​សារភាព ប្រាប់​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថា រូបគេ​ជា​មួយ​ជនរងគ្រោះ​ទាំង​២ គឺជា​មនុស្ស​ស្គាល់គ្នា​ប្រហែល​កន្លះ​ឆ្នាំ​មកហើយ តាមរយៈ​ការផឹកស៊ី​ជាមួយ​មិត្តភក្តិ​តៗ​គ្នា​។ នៅ​មុន​ថ្ងៃ​កើតហេតុ​គឺ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រូបគេ​រួមជាមួយ​មិត្តភក្តិ សរុប​មាន​គ្នា​៨​នាក់ បាន​នាំ​គ្នា​ចូលរួម​ផឹកស៊ី​ក្នុង​ខារ៉ាអូខេ រី​វើ​ឡែ​ស ព្រែកលៀប ក្នុង​អំឡុង​ពេល​ផឹកស៊ី រូប​ខ្លួន​(​ជនដៃដល់​) និង​មិត្តភក្តិ ឈ្មោះ ប៊ី បាន​ទាស់សម្តី​គ្នា រហូត​ដល់​រូប​ខ្លួន (​ជនដៃដល់​) បាន​វាយ​ឈ្មោះ ប៊ី មួយ​ដៃ​បណ្តាល​ឲ្យ​ជ្រុះ​អាវុធ​ខ្លី​របស់​ខ្លួន ហើយ​ក៏​ត្រូវបាន​មិត្តភក្តិ​ផ្សេង​ទៀត​ជួយ​ឃាត់​។ ភ្លាម​នោះ​ឈ្មោះ ពេជ្រ សាឡ​ន បាន​រើសយក​អាវុធខ្លី​ហុច​មកឲ្យ​ខ្លួន​វិញ ហើយ​ក្រោយ​មក​កម្មវិធី​ត្រូវបាន​បញ្ចប់ រូប​ខ្លួន​ក៏​បាន​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2R-6967 ជូន​ឈ្មោះ​សម្បត្តិ និង​ឈ្មោះ ប៊ី ទៅ​ផ្ទះ​រៀងៗ​ខ្លួន​។​

​លុះ​ស្អែក​ឡើង​ថ្ងៃទី​២៥ រូប​ខ្លួន​បាន​បាត់បង់​កាំភ្លើង​អស់​១ ក៏​បើក​រថយន្ត​ទៅ​ផ្ទះ​ឈ្មោះ ពេជ្រ សាឡ​ន ដើម្បី​សួរ​រក​បង់​កាំភ្លើង​តែ ឈ្មោះ ពេជ្រ សាឡ​ន បាន​ប្រាប់ថា មិនឃើញ ទើប​ខ្លួន​គិតថា ប្រហែល​ជា​ធ្លាក់​នៅក្នុង​បន្ទប់​ខារ៉ាអូខេ ភ្លាម​នោះ​ខ្លួន​ក៏​បើក​រថយន្ត​ទៅ​សួរ​ដល់​បន្ទប់​ខារ៉ាអូខេ តែ​គេ​ប្រាប់ថា បាន​ឃើញ​មនុស្ស​ស្រី​ម្នាក់ យក​ចេញ​ក្រៅ​បាត់ទៅហើយ ហើយ​ខ្លួន​ក៏​ត្រឡប់មក​ផ្ទះ​វិញ​ដើម្បី​ជូន​ប្រពន្ធ ទៅ​កម្មវិធី​ឡើងផ្ទះ​បងប្អូន​នៅ​ផ្សារ​ដី​ហ៊ុយ​។​
​រហូតដល់​ម៉ោង​ប្រហែល​២៣​យប់ ថ្ងៃទី​២៥​ដដែល ខ្លួន​បាន​ត្រឡប់មក​ពី​កម្មវិធី​ឡើងផ្ទះ​បងប្អូន​វិញ ខ្លួន​ក៏​បាន​បើករថយន្ត​ទៅ​ផ្ទះ ពេជ្រ សាឡ​ន ម្តងទៀត ក្នុង​គោលបំណង​ទៅ​សួរ​រក​បង់​កាំភ្លើង​ដែល​បាត់ តែ​ពេល​ទៅដល់​មុខផ្ទះ ពេជ្រ សាឡ​ន ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក TACOMA មួយគ្រឿង ដែល​មាន​ជនរងគ្រោះ ឈ្មោះ គង់ វិន ហៅ វ៉ែនតា ជិះ​ជាមួយ ឈ្មោះ សិ​ង វិន ហៅ ភ័​ស្ត ឈប់​ក្បែរ​ផ្ទះ ពេជ្រ សាឡ​ន ខ្លួន​ក៏​អែប​រថយន្ត​ទៅ​ឈប់​ទន្ទឹមគ្នា និង​ចុច​កញ្ចក់​រថយន្ត​ចុះ​ដូចគ្នា ហើយ​ខ្លួន​ក៏​សួរ​ទៅ​ឈ្មោះ​វ៉ែនតា ថា បានឃើញ​បង់​កាំភ្លើង​របស់​ខ្លួន​ឬ​អត់​? ស្រាប់តែ​ឈ្មោះ គង់ វិន ហៅ វ៉ែនតា មិន​ព្រម​ឆ្លើយតប និង​លើក​អាវ​ឡើង ទើប​ខ្លួន​នឹក​ក្នុង​ចិត្ត​ថា ប្រហែល​គេ​ខឹង ហើយ​ដក​កាំភ្លើង​បាញ់​រូប​ខ្លួន ខ្លួន​ក៏​ដក​កាំភ្លើងខ្លី​បាញ់​ពួកគេ​មុន​អស់​ចំនួន​៥​គ្រាប់ រួច​គេចខ្លួន​ទៅផ្ទះ​តែ​ម្តង លុះ​ព្រឹក​ឡើង​បាន​ជិះ​តាក់ស៊ី​ទៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បី​លាក់​ខ្លួន​តាម​ព្រំដែន​។ ក្រោយមក ដោយ​បាន​ដឹងថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ស្រាវជ្រាវ​ស៊ើបអង្កេត ជា​បន្តបន្ទាប់​យ៉ាង​ប្រកិតៗ ទើប​ខ្លួន​សម្រេច​ចិត្ត​ចូល​មក​សារភាព​តែម្តង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×