ភ្នំពេញ៖ កម្ពុជាប្តេជ្ញាចិត្តបន្តដំណើរលើផ្លូវដ៏ត្រឹមត្រូវ លើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ដែលមិនបំផ្លាញសន្តិភាព ដើម្បីជាតិមានជីវិតនិងដើរទៅមុខជានិច្ច។ ប្រជាធិបតេយ្យដែលគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ។ នីតិរដ្ឋគឺជាមធ្យោបាយតែមួយ ដើម្បីបញ្ចប់បដិវត្តន៍ពណ៌។
លោកនាយឧត្តមសេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា បញ្ជាការដ្ឋានអង្គរក្សដែលមានមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ធ្វើជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការហ្វឹកហ្វឺនកម្លាំងជាប់ជាប្រចាំ សំដៅកសាងនិងពង្រឹងធនធានមនុស្សឱ្យមានសមត្ថភាពប្រកបដោយឆន្ទៈមោះមុត ជាកងកម្លាំងរៀបរយ មានវិន័យម៉ឺងម៉ាត់ ឆ្លើយតបនឹងភារកិច្ចជាច្រើន ជាពិសេស កិច្ចការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ និងបានរួមចំណែកតស៊ូប្តូរផ្តាច់ក្នុងកិច្ចការពារបូរណភាពទឹកដី និងបានរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ បានល្អប្រសើរជូនប្រទេសជាតិ ។
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេសជំនាន់ទី២៣ និងបើកវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេសជំនាន់ទី២៤ ដែលមានលោកនាយឧត្តមសេនីយ៍ប៉ុល សារឿន ជាគណៈអធិបតី បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររាល់វិធានការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដែលបម្រើនូវឧត្តមប្រយោជន៍ជាតិ នាំមកនូវសុខសន្តិភាព និងឈរលើវិថីនៃការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ កងយោធពលខេមរភូមិន្ទ មានភារកិច្ចចម្បងបំផុតក្នុងការថែរក្សានូវមនុញ្ញផលនៃសន្តិភាព ដើម្បីការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងត្រៀមអនុវត្តសកម្មភាពនិងចំណាត់ការគ្រប់យ៉ាងជាមួយកម្លាំងពេញលេញ ដើម្បីប្រឆាំងរាល់ការបង្កហេតុ ដើម្បីថែរក្សាសន្តិសុខនិងសន្តិភាពជាតិ។
លោកនាយកឧត្តមសេនីយ៍ បានលើកឡើងថា សិក្ខាកាមទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ បន្តស្វ័យសិក្សា គោរពវិន័យ មានភក្តីភាព មានចិត្តក្លាហានមោះមុត មានការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពល្អ និងស្មោះត្រង់ដាច់ខាតចំពោះថ្នាក់ដឹកនាំ ដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើន។ អង្គភាព ត្រូវរួមសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាពឱ្យបាន១០០% ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ។ ត្រូវសហការថែរក្សា ការពារឱ្យបានដាច់ខាតនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី និងប្រឆាំងដាច់ខាតនូវក្រុមជ្រុលនិយម ឬ សកម្មភាពណាមួយ នាំឱ្យមានភាពវឹកវរក្នុងសង្គមជាតិ ដែលមានចរិតបដិវត្តន៍ពណ៌ ក្នុងគោលបំណងបំផ្លាញ សុខសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ៕ ដោយ៖ជាលី