ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ការប្រារព្ធទិវាអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នៅកម្ពុជានាឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ។ តាមរយៈប្រធានបទនេះ គឺបានបង្ហាញថា ស្ត្រីគឺជាកម្លាំងដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព ហើយក៏ជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ បានចាត់ទុកថ្ងៃ៨ មីនា ជាថ្ងៃបុណ្យជាតិឈប់សម្រាក ដើម្បីអបអរសាទរនូវការទទួលស្គាល់សិទ្ធិសេរីភាពពេញលេញរបស់ស្ត្រី។ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ឆ្នាំនេះ គឺក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ សូមជូនពរស្ត្រីទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕ ដោយ ៖ បញ្ញាស័ក្តិ