ភ្នំពេញ៖ អបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរជាតិ នារី ៨ មីនា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលសូមឲ្យប្រជារាស្ត្រខ្មែរប្រឹងប្រែងរួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សានៅតាមគ្រួសារនីមួយៗ ដើម្បីឲ្យការរស់នៅក្នុងសង្គមកម្ពុជាប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។
ព្រះរាជបន្ទូលរបស់សម្តេចព្រះមហាក្សត្រី បានរំលេចឡើងក្នុងព្រះរាជសារចូលរួមអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរជាតិ នារី ៨ មីនា។ អង្គព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលថា សូមកូនចៅជាមាតាបិតាទាំងអស់ប្រឹងប្រែងលើកកម្ពស់សីលធម៌ វប្បធម៌អហិង្សា នៅក្នុងគ្រួសារតាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ការប្រើអំពើហិង្សា ដោយត្រូវប្រកាន់យកនូវសីលធម៌ សុជីវធម៌ និងរួមចំណែករក្សា ការពារសន្តិភាព សណ្តាប់ធ្នាប់ល្អ ដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។ យើងត្រូវរួបរួមសាមគ្គីជាធ្លុងមួយ តាមព្រះរាជបណ្តោះរបស់ព្របរមរតនកោដ្ឋ។
ព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលគាំទ្រថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងកិច្ចការនារី និងគ្រប់ក្រសួស្ថាប័នផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ ដែលបាននិងកំពុងខិតខំប្រឹងប្រែងជំរុញការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្ត្រីបានទទួលកិច្ចការពារសិទ្ធិ និងផលប្រយោជន៍តាមរយៈការជំរុញសមាជិកនៅក្នុងគ្រួសារឲ្យទទួលស្គាល់ និងចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ “ខ្ញុំសូមគាំទ្រការផ្តល់កាលានុវត្តភាពឲ្យស្ត្រីបានកសាង និងអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាបានចូលរួមក្នុងគ្រប់ការងារ គ្រប់វិស័យប្រកបដោយសមធម៌”។ សម្តេចម៉ែបានមានព្រះរាជបន្ទូលបន្ថែមយ៉ាងដូច្នេះ។
ដើម្បីរក្សាបាននូវអ្វីដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ននេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានអំពាវនាវឲ្យប្រជារាស្ត្រខ្មែរត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងតាមព្រះរាជបណ្តាំព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ នរោត្តម សីហនុ។
យោងតាមព្រះរាជសារ៣ទំព័ររបស់សម្តេចម៉ែ ព្រះអង្គទ្រង់បានរំលេចថា ប្រធានបទនេះ បានធ្វើឲ្យយើងនឹងឃើញឡើងវិញ ពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជបូរាជនីយកិច្ច ដ៏ឧត្តុងឧត្តម និងប្រកបដោយព្រះបញ្ញាញាណដ៏ឈ្លាសវៃ នៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទូត នៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ឯករាជ្យ សំបូររុងរឿង ប្របកដោយកិត្តិយស កិត្តស័ព្ទល្បីល្បាញ ក្នុងពិភពលោក។
ជាមួយគ្នានោះ សម្តេចតម៉ែ ទ្រង់បានសំដែងនូវការកោតសរសើរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកឈានមុខ ខិតខំប្រឹងប្រែង នាំមកនូវសន្តិភាព ពេញលេញដើម្បី ប្រជានុរាស្ត្រ និងមាតុភូមិកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ