ភ្នំពេញ ៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសសម្រាប់អ្នកគាំទ្រតែម្តង ខណៈដែលសុខៗ ស្រាប់តែអ្នកនាង សុគន្ធ នីសា បានបង្ហាញវត្តមាននៅក្នុងព្រលានយន្តហោះថ្មីៗនេះ ជាមួយស្វាមី ដែលត្រូវបានដឹងថា ហោះទៅកាន់ទឹកដីប្រទេសអាមេរិក បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩ បានប្រមាណជាងមួយអាទិត្យប៉ុណ្ណោះ។
យ៉ាងណាមិញ ទាក់ទងការចាកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកដែលជាជម្រករបស់ស្វាមី ទាំងទើបតែជាសះស្បើយជំងឺកូវីដ១៩ យ៉ាងរហ័សបែបនេះផងដែរ ភ្លាមៗនោះ គេក៏មិនបានដឹងថា អ្នកនាងទៅ ដើម្បីរស់នៅទីនោះជារៀងរហូត ឬមានមូលហេតុអ្វីផ្សេងយ៉ាងណានោះទេ។
តែយ៉ាងណា បើតាមអ្នកជូនដំណើរដ៏ពិសេសរបស់អ្នកនាង គឺកញ្ញា ណាក់ ស្រីណា ដែលរូបនាងហាក់បីដូចជាបងប្អូនបង្កើតនិងគ្នា បានបញ្ជាក់ប្រាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ «គ្រាន់តែ ឃ្លាតគ្នាមួយរយៈ ហេីយគ្រាន់តែមិនដឹងថាថ្ងៃណាជួបគ្នាវិញ ដូច្នេះ ប្អូនគ្រាន់តែគិតថា ការទៅកាន់ទឹកដីថ្មីរបស់បង បងស្រី និងមានភាពរីករាយនិងល្អប្រសេីរ សូមប្រកបដោយភាពសុខសាន្តណា បងប្រុស បងស្រី love my beloved both»។
អ្វីដែលកាន់តែច្បាស់នោះ គឺក្រោយបានទៅដល់ទឹកដីសហរដ្ឋអាមេរិក ដោយសុវត្ថិភាព អ្នកនាង សុគន្ធ នីសា បានចេញមកបញ្ចាក់ថា អ្នកនាងទៅទីនោះ ព្រោះមានការចាំបាច់ ពាក់ព័ន្ធការងារគ្រួសារ នៅពេលរួចរាល់ នឹងវិលត្រឡប់មកប្រទេសកម្ពុជាយើងវិញ។ ក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ បានសរសេរប្រាប់ឲ្យដឹងថា៖ « ខ្ញុំបានមកដល់ Boston ថ្ងៃទី 16 ,04,2021 មានការចាំបាច់ត្រូវតែមក ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ ជិត10ឆ្នាំហេីយដែលមិនបានមក។ ( អ្វីៗប្រគល់ឲ្យដំណេីរ ខ្ញុំអស់ភារៈកិច្ច)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















