ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើអោយកូរ៉េទិញផ្លែស្វាយពីកម្ពុជាអោយកាន់តែច្រើន ជាពិសេសការពង្រីកទំហំពាណិជ្ជកម្មទ្វភាគី អោយបាន ២ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ ហើយថា អ្នកវិនិយោគកូរ៉េ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
នៅរសៀលថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៨ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតឲ្យលោក អូ ណាក់យ៉ុង(oh Nak-young) អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា ជួបសម្តែង ការគួរសម នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនៅការអបអរសាទរចំពោះភាព ធូរស្រាលរវាងកូរ៉េទាំងពីរ ដែលនឹងនាំមកនូវសន្ដិភាព និងស្ថេរភាពក្នុងតំបន់។
លោក អគ្គរដ្ឋទូត បានជម្រាបលោក ឧបនាយករដ្ឋមន្ត្រី អំពីសភាពធូរស្រាលរវាងសាធារណរដ្ឋកូរ៉េ និង កូរ៉េខាងជើង ក្នុងឱកាសកីឡាអូឡាំពិករដូវរងានៅទីក្រុងព្យុងឆាង នៅសាធារណរដ្ឋកូរ៉េ។ លោកអគ្គរដ្ឋទូត ក៏បានជម្រាបអំពីបេសកជនពិសេសរបស់លោក ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ទៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលបានជួបជាមួយលោក គីម ជុងអ៊ុន។
ក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើអោយមានភាពជាដៃគូយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្ដេចអគ្គមហាសេបេតីតេជោនាយក រដ្ឋមន្ត្រី បានស្នើជាមួយអតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។ លើសពីនេះ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើ អោយមានការចាប់ផ្ដើមបង្កើតកិច្ចសន្ទនាការទូត និងសន្ដិសុខដែលបានព្រមព្រៀងគ្នា កន្លងមក និងស្នើអោយកូរ៉េទិញផ្លែស្វាយពីកម្ពុជាអោយកាន់តែច្រើន ជាពិសេសការពង្រីក ទំហំពាណិជ្ជកម្មទ្វេភាគី អោយបាន ២ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ ។ ចំពោះការវិនិយោគរបស់កូរ៉េ មានទំហំទឹកប្រាក់ ជាង២០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ហើយលោក ឧបនាយក រដ្ឋមន្ត្រី បានស្នើអោយអ្នកវិនិយោគកូរ៉េ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ នៅឆ្នាំ២០១៩ ខាងមុខ កូរ៉េនឹងគ្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ លោក ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាមានការរីកចម្រើនថែមទៀត រវាងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយក៏ស្នើអោយមានការហោះហើរត្រង់ពីកូរ៉េមកកម្ពុជា អោយបាន៧ ឬ៨ ជើង ក្នុងមួយថ្ងៃ។ ចំណែកឯអ្នកទេសចរកូរ៉េមានចំនួនប្រហាក់ប្រហែល៣៥ម៉ឺននាក់ ក្នុងឆ្នាំ២០១៦។
ឆ្លៀតឱកាសនេះដែរ លោក ឧបនាយរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកូរ៉េ ដែលបានផ្ដល់ ហិរញ្ញប្បទានឥតសំណង កម្ចីការប្រាក់ទាបចំនួនជាង៦៧លានដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ និងទឹកប្រាក់ចំនួន៣៥០លានដុល្លារអាមេរិក សម្រាប់គម្រោងផ្សេងៗទៀត។ កម្ពុជា និងកូរ៉េមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ យ៉ាង ជិតស្និត ទាំងទ្វេភាគី និងនៅក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ។ លើសពីនេះទៅទៀតកូរ៉េ បានទទួលពលករកម្ពុជាចំនួនជិត៦ម៉ឺននាក់ហើយ ដោយនារីជនជាតិ ខ្មែរ រៀបអាពាហ៍ពិពាហ៍ជាមួយបុរសកូរ៉េមានចំនួនជិត១ម៉ឺននាក់ដែរ។
លោក អគ្គរដ្ឋទូតបានមកប្រទេសកម្ពុជាចំនួនពីរលើក បានឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបេតីតេជោនាយករដ្ឋមន្ត្រី៕ ដោយ៖បញ្ញាស័ក្តិ