ភ្នំពេញ ៖ នាយនគរបាលប៉ុស្តិ៍ព្រែកព្នៅស្តីទី ត្រូវបានជនល្មើសម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន យកកាំបិតផ្គាក់កាប់រយះដាច់កដៃខាងឆ្វេង ខណៈពេលដែលនាយនគរបាលប៉ុស្តិ៍និងក្រុមការងារ ចុះទៅអន្តរា គមន៍ហាមឃាត់ជនសង្ស័យដែលកំពុងអុកឡុកប្រើហិង្សាទៅលើម្តាយបង្កើតរបស់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ។
យោងតាមរបាយការណ៍របស់អធិការខណ្ឌព្រែកព្នៅ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អំ ដាលីន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ឹម រិទ្ធី អាយុ៣៦ឆ្នាំ ជានាយប៉ុស្តិ៍ព្រែកព្នៅស្តីទី មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ មានករណីហិង្សាក្នុងគ្រួសារកើតឡើងត្រង់ចំណុចផ្ទះកើតហេតុខាងលើ ភ្លាមនោះនាយនគរបាលប៉ុស្តិ៍បានដឹកនាំកម្លាំងចុះដល់ត្រង់កន្លែងកើតហេតុ ពេលទៅដល់ស្រាប់តែជនសង្ស័យស្ទុះយកកាំបិតផ្គាក់មកកាប់ទៅលើនាយនគរបាលប៉ុស្តិ៍ បណ្តាលឲ្យរយះដាច់កដៃខាងឆ្វេង។ ភ្លាមនោះប្រជាពលរដ្ឋ ដែលឈរមើលនៅក្បែរនោះ ក៏បាននាំគ្នាមកជួយឃាត់ជនសង្ស័យ និងបានវាយជនសង្ស័យ បណ្តាលឲ្យបែកក្បាលហូរឈាម រួចប្រគល់ឲ្យកម្លាំងល្បាតរបស់អធិការដ្ឋាន ចំណែកឯជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាល។
ជនសង្ស័យ គឺជាមនុស្សញៀនថ្នាំ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅមណ្ឌលកែប្រែហើយក្រោយមក ជនសង្ស័យរូបនេះបានប្រើល្បិចធ្វើជាឈឺ ឱ្យគេបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែបានរត់គេចខ្លួនបាត់ ។ លុះនៅថ្ងៃកើតហេតុ ជននេះបានមករករឿងក្រុមគ្រួសារយ៉ាងខ្លាំង ហើយក៏មានអ្នកជិតខាងជួយរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ទើបត្រូវលោកមេប៉ុស្តិ៍ដែលជាជនរងគ្រោះ ដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅផ្ទះកើតហេតុ ហើយគ្រាន់តែក្រឡេកឃើញ កម្លាំងសមត្ថកិច្ចភ្លាម ជនដៃដល់នោះក៏ទាញកាំបិតដេញកាប់រហូតត្រូវជនរងគ្រោះរងរបួសតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ៖បញ្ញាស័ក្តិ