ទំនៀមទម្លាប់សាក់យ័នពីបុរមបុរាណ បានបន្សល់ទុកជាដានដ៏សែនជ្រៅ នៅប្រទេសថៃ ដែលនៅមានមនុស្សជាច្រើននាំគ្នាទៅសាកដើម្បីហេតុផលនានា ប៉ុន្តែការសាក់នេះមានបំណង ៥ ធំគឺហាមប្រមាថអ្នកមានគុណ ហាមយកប្តីឬប្រពន្ធគេ ហាមអំពើអបាយមុខ ហាមប្រមាថជីវិតអ្នកដទៃ ហាមស្តោះទឹកមាត់ទៅលើដី ដែលវាជាទង្វើប្រមាថដល់ព្រះម៉ែធរណី ហើយជារៀងរាល់ឆ្នាំ គេតែងតែមានពិធីថ្វាយបង្គំគ្រូ ឬហៅបានថា ពិធីសុំខមាទោស។
អ្នកដែលប្រកាន់ខ្ជាប់នូវប្រការទាំង ៥ ខាងលើ គឺគ្រាន់តែមកគោរពគ្រូតាមទម្លាប់ ប៉ុន្តែអ្នកដែលធ្វើខុសវិន័យណាមួយនោះ នឹងមានអាការៈលោតស្រែកទៅតាមប្រភេទយ័នដែលគេបានសាក់ មានដូចជាយ័នមហាឥសី យ័នខ្លាស យ័នហនុមាន្យជាដើម។ល។
ពិធីនេះ ប្រារព្ធឡើងនៅក្នុងវត្តបាងប្រាក់ ក្នុងខេត្ត ណាក់ខន ឆៃហ្ស៊ី ដែលមានព្រះគ្រូ ប៉ឺន ឬហៅថា លុងផប៉ឺន ជាអ្នកគ្រប់គ្រងនៅទីនោះ ហើយក៏ជាអ្នកសាក់ឲ្យសិស្សគ្រប់គ្នាដោយផ្ទាល់ដៃ។ ពិធីនេះបានចប់សព្វគ្រប់នៅពេលដែលសិស្សគ្រប់គ្នាបានទទួលការខមាទោសដោយទឹកមន្តដើម្បីជាសិរីសួរស្តី៕ ក្ខិណី