ភ្នំពេញ ៖ មានករណីជនសង្ស័យម្នាក់ចូលលួចលុយជនបរទេស កាលពីថ្ងៃទី៨ មីនា ២០១៨ នៅហាងឃីងដុម ផ្លូវលំ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះដេវីត មីស្សែលដេនញែល ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិអាមេរិកកាំង សញ្ជាតិខ្មែរ មុខរបរម្ចាស់ហាងឃីងដុម ស្នាក់នៅផ្ទះលេខJ៣ ផ្លូវ លំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឈ្មោះចែម ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបោស សំអាតហាងឃីងដុម ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍នេះ មុនពេលកើតហេតុ ជនសង្ស័យដែលជាបុគ្គលិកបោសសំអាតក្នុងហាង បានចូល លួចលុយនៅក្នុងកាបូបទុកនៅថតតុក្នុងបន្ទប់ហាងខាងលើ ចំនួន៣០០ដុល្លារ។
សមត្ថកិច្ចបន្តថា៖រយៈពេលជិតមួយឆ្នាំ ជនរងគ្រោះបានបាត់ លុយជាច្រើនលើកដែលទុកនៅក្នុងកាបូប ទុកនៅថតតុក្នុងបន្ទប់ក្នុងហាង សរុបប្រហែល ១៥០០០ដុល្លារ រួចជនរងគ្រោះក៏បានលួចដាក់កាមេរ៉ាសុវត្ថិភាពមិនឲ្យបុគ្គលិក ដឹងទេលុះដល់ថ្ងៃទី៨មីនា២០១៨ ម៉ោង៧និង៣០នាទី ព្រឹករហូតដល់ម៉ោងជាង១០ព្រឹក បានឃើញជនសង្ស័យចូលក្នុងបន្ទប់ដោយមានការសង្ស័យជនរងគ្រោះបានទៅឆែកកាមេរ៉ាសុវត្ថិភាពឃើញសកម្មភាពជនសង្ស័យលួចលុយ ក៏ហៅមេការឲ្យឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច ធ្វើការសាកសួរ ។ ក្រោយសាកសួរពីសមត្ថកិច្ចរួចជនសង្ស័យក៏បានសារភាពថា កន្លងមកធ្លាប់លួចលុយជនរងគ្រោះ ចំនួន ៣០០ដុល្លារ យកទៅស៊ីចាយអស់។ តែជនរងគ្រោះថាបាត់អស់ជិត២ម៉ឺនដុល្លាររយៈពេលជាងមួយឆ្នាំកន្លងទៅ។
ករណីសមត្ថកិច្ចនឹងចាត់ការជនសង្ស័យតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ