ភ្នំពេញ ៖ ចោរប្លន់ម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើមដែលចូលប្លន់ក្នុងផ្ទះ Wring Coffee កាលពី១៥ថ្ងៃមុន ត្រូវបានកងកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វានិងខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវចាប់បានហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ នៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ហូ ម៉េងហ័រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម និងបានស្នាក់នៅកន្លែងចាប់ខ្លួនខាងលើ។
សូមបញ្ជាក់ថា កាលពីម៉ោង៩យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានបុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះលក់ការហ្វេយីហោ Wring Cafe ដែលស្ថិតនៅនតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ។ មុនពេលកើតហេតុ ជនសង្ស័យបានដើរចូលមកផឹកកាហ្វេ លុះមិនទាន់ផឹកអស់ផង ក៏ដើរសំដៅទៅអ្នកលក់ ហើយបានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ប្លន់ ដោយយកម៉ូតូធំមួយគ្រឿង ទូរស័ព្ទ១ និងលុយមួយចំនួន៕ ដោយ៖បញ្ញាស័ក្តិ