Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខណ្ឌសែនសុខ សម្រេចបិទផ្សារទឹកថ្លា និងការលក់ដូរនៅជុំវិញផ្សារទាំងអស់ ក្រោយមានអាជីវករឆ្លងជំងឺកូវីដ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងពី ការផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារទឹកថ្លា និងអាជីវករទាំងអស់ ដែលលក់ដូរ នៅជុំវិញ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំពោះមុខ រដ្ឋបាលខណ្ឌសែនសុខ សូមផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារទឹកថ្លា និងការលក់ដូរ នៅជុំវិញទីតាំងខាងលើទាំងអស់ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រយៈពេល១៤ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេស អាជីវករទាំងអស់ឲ្យបានជ្រាបថា៖ អាស្រ័យស្ថានភាពនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះមានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមាន វិធានការសុខាភិបាលត្រូវទប់ស្កាត់ជាបន្ទាន់។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារទឹកថ្លា ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅយកសំណាក់តេស្ត រកមេរោគ កូវីដ-១៩ ជាបន្ទាន់នៅ ផ្លូវ A ខាងត្បូងផ្សារពិភពថ្មី ឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ កុំបីខាន។

រដ្ឋបាលខណ្ឌសែនសុខ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារទឹកថ្លា និងអាជីវករស្ថិតនៅជុំវិញទាំងអស់ មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា រហូតមកដល់ពេលនេះ ផ្សារតូច ធំជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបិទបណ្ដោះអាសន្នជាបន្ដបន្ទាប់ ក្រោយពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសអាជីវករនៅក្នុងផ្សារតែម្ដង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×