Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសតាមបណ្តាខេត្ត ដែលមិនស្ថិតក្នុងតំបន់បិទ ខ្ទប់ឱ្យផ្លាស់ប្តូររបៀប ក្នុងការបើកប្រាក់ឈ្នួល ជូនកម្មករនិយោជិត

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងដំណាក់កាលបិទខ្ទប់នេះ ម្ចាស់រោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ត្រូវប្រើប្រាស់ប្រព័ន្ធធនាការ ដើម្បីផ្ទេរសាច់ប្រាក់ពីគណនីធនាគាររបស់ខ្លួន នៅរាជធានីភ្នំពេញ ទៅសាខាធនាគារណាមួយ ដែលមានទីតាំងនៅក្បែររោងចក្រ សហគ្រាសរបស់ខ្លួន ឬនៅទីរួមខេត្ត ដែលរោងចក្រ សហគ្រាសរបស់ខ្លួន មានអាសយដ្ឋាននៅ។

ឯកឧត្តម លើកឡើងថា ការនាំគ្នាសម្រុក ស្នើសុំលិខិតបេសកកម្ម ពីច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តនានា ដើម្បីឡើងមកភ្នំពេញបើកសាច់ប្រាក់ និងដឹកសាច់ប្រាក់ពីភ្នំពេញ ទៅខេត្តវិញ មិនមែនជាជម្រើសដែលឆ្លាតវៃ និងសុវត្ថិភាពនោះទេ។

អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដល់ម្ចាស់រោងចក្រ សហគ្រាស នៅតាមខេត្ត ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ ឱ្យផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិត។ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ផងដែរថា ក្រសួងនឹងព្យាយាមសម្របសម្រួល ជាមួយគ្រប់ភាគីពាក់ព័ន្ធជំរុញគ្រប់រោងចក្រ សហគ្រាស ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ ឲ្យផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន។

ឯកឧត្តម បានអំពាវនាវដូចនេះ បន្ទាប់ពីមានរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្តជាច្រើន បានស្នើសុំក្រសួងការងារ ជួយសម្របសម្រួល និងអន្តរាគមន៍ ដើម្បីស្នើសុំលិខិតបញ្ជាបេសកកម្ម ពីច្រកចេញចូលតែមួយ នៅតាមខេត្តនានា សម្រាប់ប្រើប្រាស់ជាលិខិតបើកផ្លូវឡើងមកបើកសាច់ប្រាក់ពីធនាគារនៅរាជធានីភ្នំពេញ យកទៅបើកប្រាក់ឈ្នួល ជូនបងបប្អូនកម្មករនិយោជិតរបស់ខ្លួននៅខេត្តវិញ។

ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរដល់បងប្អូនកម្មករនិយោជិត នៅតាមបណ្តាខេត្ត ដែលត្រូវបើកប្រាក់ឈ្នួល នៅចុងសប្តាហ៍នេះ សូមមេត្តាអត់ធ្មត់ រង់ចាំដល់ដើមសប្តាហ៍ក្រោយ ដើម្បីទុកពេលឱ្យរោងចក្រ សហគ្រាសនីមួយៗ ប្រើវិធីសាស្ត្រថ្មី ក្នុងការផ្ទេរសាច់ប្រាក់របស់ខ្លួន ទៅបើកជូនបងប្អូន៕រក្សាសិទ្ធិដោយ៖CEN

×