Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់កិច្ចប្រជុំកំពូល អាស៊ាន រសៀលនេះ, បញ្ហានៅមីយ៉ាន់ម៉ា អាចជាប្រធាបទមួយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តមតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលតាមការគ្រោងទុក កិច្ចប្រជុំកំពូលនេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាននេះ រួមមាន ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលមួយចំនួនទៀត, ហើយថានៅពេលដែលកិច្ចប្រជុំចប់ភ្លាម សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញទាំងយប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា កនលងទៅនេះ ខណៈពេលអញ្ជើញចាក់វ៉ាក់សាំងដុំទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារ ជូនជនរួមជាតិតាមរយៈទូរទស្សន៍ក្នុងស្រុក ដោយគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចការងារទៅចូលរួមកិច្ចប្រជុំដោយផ្ទាល់នៅឯទីក្រុង ហ្សាការតា ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន ដ៏ពិសេសមួយនេះ។

អាស៊ាន មានសមាជិកចំនួន ១០ប្រទេស អាស៊ានកំពុងមានចំណោទដ៏ធំមួយនោះគឺ វិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា ដែលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ហើយអាស៊ានមានលក្ខណសម្បត្តិធ្វើការសម្រេចចិត្តបែបកុងសង់ស៊ីស ពោលគឺ មូលមតិជាឯកច្ឆ័ន្ទ លើការដោះស្រាយរឿងអ្វីមួយ។

ជំនួបកំពូលពិសេសរបស់សមាគមប្រជាជាតិអាស៊ាន ហៅកាត់ថា អាស៊ាន ដែលរៀបចំឡើងក្នុងរដ្ឋធានី ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃសៅរ៍ ទី២៤ មេសា នេះ ក្នុងគោលដៅស្វះស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយក្នុងប្រទេស មីយ៉ាន់ម៉ា។ យោងតាមកាសែត បាងងកកប៉ុស្តិ៍ រដ្ឋមន្ត្រីការបរទេសថៃ អះអាងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះថា មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីង អ៊ុងឡាង ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះផងដែរ។

ទោះបីជាបែបនេះក្តី រដ្ឋាភិបាលស្រមោល នៃមីយ៉ាន់ម៉ារបស់ អ្នកស្រី អ៊ុងសាន ស៊ូជី ក៏បានទទូចឲ្យមេដឹកនាំអាស៊ានផ្ដល់កៅអីឲ្យពួកគេ ដើម្បីចូលរួមក្នុងជំនួបកំពូលនេះផងដែរ។

សូមបញ្ជាក់ដែរថា មនុស្សជាង ៧០០នាក់ហើយ ត្រូវបានសម្លាប់ក្នុងការបង្ក្រាបបាតុកម្មនៅទូទាំងប្រទេសប្រឆាំងរបបសឹក ក្រោយរដ្ឋប្រហារ ថ្ងៃទី១ ខែកុម្ភៈ កន្លងមក ដែលបានផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ មីយ៉ាន់ម៉ា។

ទាក់ទិននឹងកិច្ចប្រជុំកំពូលអាស៊ាននេះទៀត បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសថៃ ឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានសម្រេចមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះទេ ហើយក្រុមមន្ត្រីទាំងនោះ ក៏មិនបានបកស្រាយលម្អិតជុំវិញហេតុផលនៃការសម្រេចចិត្តរបស់លោក ប្រាយុទ្ធ ច័ន្ទអូចា នោះឡើយ។

ចំណែកលោករដ្ឋមន្ត្រីការបរទេសថៃ ដុន ប្រាម៉ុដវ៉ាន់ណៃ (Don Pramudwinai) នឹងត្រូវធ្វើជាតំណាងប្រទេសថៃ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្តីពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ានេះ។ រក្សាសិទ្ធិដោយ : ពិសិដ្ឋ CEN

×