ខេត្តតាកែវ ៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ខណៈដែលបុរសម្នាក់នៅស្រុកទ្រាំង ខេត្តតាកែវ កាលពីម្សិលមិញនេះ បានត្រូវប្រឈមនឹងមុខនឹងធនាគារ មកដល់ផ្ទះទាំងព្រឹក ដែលធ្វើឲ្យគាត់ហួសចិត្ត ចង់យំក៏យំមិនចេញ ខណៈបានឮប្អូនខមលប្រាប់ថា ឲ្យរកលុយបង់ធនាគារជំនួសផង ព្រោះស្ថានភាពពេលនេះ មិនអាចចេញក្រៅផ្ទះជួល រកកន្លែងវីងផ្ញើលុយបានទេ ជាពិសេសគឺខ្លាចត្រូវដំបងប៉ូលីសតែម្តង។
តែទោះយ៉ាងណា នេះមិនមែនជារឿងឈ្លោះទាស់ ប៉ះពាក្យសម្តីធំដុំមួយបុគ្គលិកធនាគារនោះទេ។ ប៉ុន្តែ គាត់ Live វីដេអូនេះ គឺគ្រាន់តែចង់ឲ្យបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម បានជ្រាបប៉ុណ្ណោះថា គាត់មិនមែនជាអ្នកជំពាក់ធនាគារទេ តែប្អូនរបស់គាត់ទេជាអ្នកជំពាក់ ដែលបានខ្ចីលុយធនាគារចំនួន 1000$ (១ពាន់ដុល្លារ) កាលពីខែមុន ដើម្បីយកលុយមកបង្គ្រប់ទិញម៉ូតូ។ ប៉ុន្តែ មិននឹកស្មានថា កូវីដផ្ទុះដល់ថ្នាក់នេះ ជាហេតុធ្វើឲ្យប្អូនរបស់គាត់ ត្រូវជាប់ឃុំនៅផ្ទះជួលក្នុងទីក្រុងភ្នំពេញ ដែលបានបញ្ជាក់តាមទូរស័ព្ទមកថា ពុំអាចរកភ្ញាក់ងារវីង ដើម្បីផ្ញើលុយមកស្រុកបានទេ ព្រោះមិនហ៊ានចេញក្រៅ ខ្លាចសមត្ថកិច្ចវ៉ៃ។
ហេតុនេះ គាត់ជាបងថ្លៃ ក៏បង្ខំចិត្តបេះពីមាត់ពីក យកលុយបង់ មិនឲ្យជំពាក់ធនាគារនោះទេ ព្រោះថា គាត់និងប្រពន្ធមិនគួរណារមាស់ដៃ ទៅផ្តិតមេដៃ (ជាអ្នកធានា) នាំឲ្យអត់ស៊ីខ្លួនឯងបែបនេះសោះ ពិតជាអយុត្តិធម៌ណាស់!!។
ទោះយ៉ាងណា គាត់ក៏បានបញ្ចាក់ថា ខាងធនាគារ គេមកនេះក៏មិនមែនមកជំរិតទារប្រាក់យើង ហួសហេតុនោះទេ ដោយពួកគាត់ជាបុគ្គលិកមកសួរនាំ មានសុជីវធម៌ត្រឹមត្រូវ និងក៏យល់ពីហេតុផលដ៏លំបាកនេះផងដែរ ហើយពួកគាត់ក៏បានដឹងដែរថា ប៉ូលីសវ៉ៃតែប្រុសៗ រីឯស្រីៗវិញអត់វ៉ៃទេ បើវ៉ៃវិញគឺគ្រាន់តែគោះៗប៉ុណ្ណោះឯង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










