ភ្នំពេញ ៖ ខណៈដែលបច្ចុប្បន្នអត្រាអ្នកឆ្លងជំងឺកូវីដនៅរាជធានីភ្នំពេញ មិនមានសញ្ញាថមថយនៅឡើយទេ អាជ្ញាធរបានសម្រេចយកទីតាំង សាលាកូរ៉េកប់ស្រូវ ( វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ) និងពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ធ្វើជាកន្លែងសម្រាកព្យាបាលកំរិតស្រាលអ្នកផ្ទុកមេរោគកូវីដ-១៩ ក្រោយពីបានសម្រេចជ្រើសរើសយកកន្លែងហូបការដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ សម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលមានប្រមាណ២០០០ គ្រែរួចហើយ។
ការសម្រេចបន្ថែម កន្លែងសម្រាកព្យាបាលកំរិតស្រាលអ្នកផ្ទុកមេរោគកូវីដ១៩នេះធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញរួមដំណើរលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យការរៀបចំទីតាំងត្រៀមដាក់អ្នកជំងឺកូវីដ-១៩ នៅទីតាំងខាងលើ ខណៈដែលជម្ងឺនេះ មិនត្រឹមតែមិនថមថយនោះទេ តែវាបានពង្រីកខ្លួនកាន់តែខ្លាំងក្លាឡើងថែមទៀត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ












