ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ច នៅតែបន្តបិទខ្ទប់ ល្បាត និងផ្សព្វផ្សាយ នៅតាមគោលដៅ នានាទូទាំងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុឲ្យដឹងថា កម្លាំងនគរបាលចម្រុះ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តចេញល្បាត តាមភូមិសាស្ត្រ នានាទូទាំងក្រុងព្រះសីហនុ ក៏ដូចជានៅតាមតំបន់ឆ្នេរ មិនអនុញ្ញាតឲ្យមានបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្នា នៅតាមទីសាធារណៈផ្សេងៗ និង បន្តណែនាំ ផ្សព្វផ្សាយវិធានការ ៣ កុំ និង ៣ ការពារ បង្ការជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ដោយអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តក្នុងការ ផ្អាកចេញចូល ក្រុងព្រះសីហនុ នឹងបិទខ្ទប់ សង្កាត់លេខ ៤ ដែលមាន ៥ ភូមិ ជាតំបន់ក្រហម មិនអនុញ្ញាត ឲ្យបងប្អូន ប្រជាពលរដ្ឋចេញពីលំនៅដ្ឋានបើមិនមានការចាំបាច់ ទាំងអស់នេះគឺជាវិធានការក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដែលកំពុងរីករាលដាល កើនឡើងនៅក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះ សូមឱ្យបងប្អូន ប្រជាពលរដ្ឋ ទាំងអស់អនុវត្តនូវវិធានការ ដែលរដ្ឋបាលបានបិទខ្ទប់ មិនអនុញ្ញាតឲ្យមានការធ្វើដំណើរ ឆ្លងកាត់ ពីផ្ទះមួយ ទៅមួយ ពីតំបន់មួយទៅតំបន់មួយឡើយ។
លោកស្នងការខេត្ត បានបញ្ជាក់ថា ទោះបីជាស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ក៏កម្លាំងសមត្ថកិច្ច ចម្រុះ ក៏ដូចជា មន្ត្រីរាជការមន្ទីរអង្គភាពតាមគោលដៅ នៅតែបន្តអនុវត្តវិធានការបិទខ្ទប់មិនឲ្យមានការធ្វើដំណើរជាដាច់ខាតបើ បុគ្គលរូបណាមិនអនុវត្តតាម និងទទួលទោស ទៅតាមនីតិវិធីច្បាប់ដែលបានចែងជាធរមាន៕រក្សាសិទ្ធិដោយ៖CEN








