ភ្នំពេញ៖ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានចំណាយថវិការដ្ឋ១,១៦៧,៩១៩,៣៨៤,០០០.០០ (មួយពាន់មួយរយ ហុកសិបប្រាំពីរប៊ីលាន ប្រាំបួនរយដប់ប្រាំបួនលាន បីរយប៉ែតសិបបួនពាន់រៀលគត់ ស្មើនឹង ២៩១. ៩៨ លានដុល្លារអាមេរិក ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន បានចំនួន ៤ ជុំ មាន ៩លើក រួចមកហើយ ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាក្រសួងទទួលបន្ទុកកិច្ចការងារនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ការបើកផ្ដល់ជុំទី៤ លើកទី៣ ត្រូវបានបញ្ចប់ ដោយទទួលបានលទ្ធផលជោគជ័យ ដោយប្រជាពលរដ្ឋមានបណ្ណក្រីក្រ១ និងក្រីក្រ២ ជិត៧០ម៉ឺនគ្រួសារ ទទួលបានថវិកាទាំងនេះពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕រក្សាសិទ្ធិដោយ៖CEN



