Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អញ្ជើញ​ទៅ​ដាក់​តម្កល់​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​ច្បាប់​ទីក្រុង​ហ្សឺ​ណែ​វ​

(​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​) ៖ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅកាន់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ស្ថិត​នៅក្នុង​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​​​ស្វីស ដើម្បី​ធ្វើ​ការតម្កល់​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​ច្បាប់​ទីក្រុង​ហ្សឺ​ណែ​វ ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោន អំពី​ឈ្មោះ​ប្រភព​ដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។​

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ថ្ងៃ​នេះ បង្ហាញឲ្យឃើញ​ពី​ចក្ខុវិស័​យ និង​វឌ្ឍនភាព​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្សារភ្ជាប់​ជាមួយ​យន្តការ​អន្តរជាតិ សម្រាប់​ការស្នើសុំ​ចុះបញ្ជី​ការពារ​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ជា​លក្ខណៈ​អន្តរជាតិ​។ លោក រដ្ឋមន្ត្រី បាន​បន្តទៀតថា តាមរយៈ​ការ​ដាក់​ពាក្យ​ស្នើសុំ​តែ​មួយ​នៅ​អង្គការ WIPO ដោយ​គ្រាន់តែ​បង់​កម្រៃ​សេវា​ជូន​ទៅ​អង្គការ WIPO និង​បង់​កម្រៃ​សេវា​ចុះបញ្ជី​ជូន​ភាគី​ហត្ថលេខី​ណាមួយ​នោះ កម្ពុជា​នឹង​ទទួលបាន​នូវ​ការការពារ​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​បូរណភាព​ដែនដី​នៃ​ភាគី​ហត្ថលេខី​នោះ ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ជួល​មេធាវី​តំណាង​ឲ្យ​ការស្នើសុំ​ចុះបញ្ជី​ក្នុង​ភាគី​ហត្ថលេខី​នីមួយៗ​នោះឡើយ​។ លើសពីនេះ ការចូល​ជា​សមាជិក​នេះ កម្ពុជា​ក៏​មាន​កាតព្វកិច្ច​ត្រួតពិនិត្យ និង​ផ្តល់​កិច្ចការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដែល​ស្នើ​សុំ​ចុះបញ្ជី​ជា​លក្ខណៈ​អន្តរជាតិ ក្រោម​ច្បាប់​កម្ពុជា ហើយ​កម្ពុជា​នឹង​ទទួល​បាន​កម្រៃ​សេវា​ចុះបញ្ជី​ផងដែរ​។

«​នៅពេល​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​កម្ពុជា មាន​សក្តានុពល​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ យើង​ចាំបាច់​ត្រូវ​ស្វែងរក និង​ពង្រីក​កិច្ចការពារ​ជា​លក្ខណៈ​អន្តរជាតិ​ឲ្យបាន​រឹងមាំ ដើម្បី​ប្រឆាំង​នឹង​ការប្រើប្រាស់​ដែល​គ្មាន​ការអនុញ្ញាត ការលួចចម្លង ការរំលោភបំពាន ឬ​ការទាញយក​ផលប្រយោជន៍​ពី​កិត្តិនាម​នៃ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់​កម្ពុជា ក្នុង​បូរណភាព​ដែន​ដី​ទាំងអស់​»​លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​នៅក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នេះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ហ្វ្រង់​ស៊ីស ហ្គារី (Francis Gurry) អគ្គនាយក​នៃ​អង្គការ WIPO ដើម្បី​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​នេះ ដែល​តែង​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ការកសាង​ប្រព័ន្ធ​ក​ម្ម​សិទិ្ធ​បញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​៖ ការកសាង​ច្បាប់ ធនធានមនុស្ស ម៉ាក​យីហោ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​យុទ្ធនាការ​ភូមិ​មួយ​ផលិតផល​មួយ​ហើយ​បាន​ស្នើសុំ​ឲ្យ​អង្គការ​នេះ​ជួយ​វិស័យ​នេះ​បន្តទៅទៀត​។ ជា​ការឆ្លើយតប លោក​អគ្គនាយក​នៃ​អង្គការ​នេះ​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​កន្លងមក រវាង​អង្គការ WIPO និង​កម្ពុជា ហើយ​ប្តេជ្ញា​ជួយ​កម្ពុជា​បន្តទៅទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×