ភ្នំពេញ ៖ ដូចបានដឹងហើយថា យុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម គឺត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ខណៈដែលពេលនេះផងដែរ នៅប្រជាពលរដ្ឋរស់នៅតាមតំបន់ដទៃទៀតក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ ក៏កំពុងសម្រុកទៅចាក់ជាបន្តបន្ទាប់។

ពិតណាស់ ការចូលទៅចាក់វ៉ាក់សាំង គឺត្រូវបានអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅទីនោះ ណែនាំដល់បងប្អូនប្រជាពលរដ្ឋមកទទួលការចាក់ សូមរក្សាគម្លាតពីគ្នា ដើម្បីចៀសវាងហានិភ័យឆ្លងវីរុសកូវីដកាន់តែធ្ងន់។ តែទោះយ៉ាងណា ការណែនាំនេះហាក់គ្មានប្រសិទ្ធភាពនោះទេ សម្រាប់ទីកន្លែងចាក់វ៉ាក់សាំង ដែលមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាច្រើន ជាពិសេសនៅតំបន់រោងចក្រតែម្តង ខណៈនៅតាមតំបន់ភូមិឃុំនានាធ្វើបានល្អ។

ជាក់ស្តែង ដូចជាទិដ្ឋភាពនេះជាដើម គឺពិតជាហួសចិត្តជាខ្លាំង ខណៈដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសភាគច្រើនជាបងប្អូនកម្មករ កម្មការិនី បានសម្រុកទៅចាក់វ៉ាក់សាំងឡើងណែនតាន់តាប់ពាសពេញដងផ្លូវ (ស្ទឹងមានជ័យ) ដោយមិនប្រកាន់ខ្ជាប់វិធានការ «៣ការពារ ៣កុំ» សោះឡើយ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kim Vang បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់សារសម្តែងការហួសចិត្តថា៖ «ហុឹម មិនដឹងនិយាយយ៉ាងម៉េចទេនេះ អាជ្ញាធរប្រដៅលែងឈ្នះមើលទៅ ស្ទឹងមានជ័យ អើយ ទៅប្រជ្រៀតគ្នាចាក់វ៉ាក់សាំង 04/05/2021»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




