ប្រទេសឥណ្ឌានៅថ្ងៃចន្ធបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ប្រភេទថ្មីចំនួនជាង ៣០ម៉ឺននាក់បន្ថែមទៀត ដោយគិតត្រឹមរយៈពេល ១២ ថ្ងៃជាប់ៗគ្នា ឥណ្ឌាកំពុងឈានដល់ចំនួនអ្នកកើតមេរោគកូវីដ
រហូតជិត២០ លាននាក់ទៅហើយ ខណៈដែលអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថាចំនួនឆ្លងនេះនឹងនៅតែបន្តឆ្លងខ្ពស់បន្ថែមទៀតក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ជាមួយនឹងករណីថ្មីចំនួន ៣៦៨.១៤៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ការឆ្លងមេរោគកូវីដ ១៩ សរុបរបស់ប្រទេសឥណ្ឌាមានចំនួន ១៩,៩៣ លាននាក់ ខណៈអ្នកស្លាប់សរុបបានកើនឡើង ៣.៤១៧ ដល់ ២១៨.៩៥៩ នាក់។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិយាយថា ចំនួនពិតប្រាកដនៅទូទាំងប្រទេសដែលមានចំនួនប្រជាជន ១,៣៥ ពាន់លាននាក់អាចខ្ពស់ជាងចំនួនផ្លូវការសរុបពី ៥ ទៅ ១០ ដង។

ប៉ុន្តែក្រសួងសុខាភិបាលបានផ្តល់នូវក្តីសង្ឃឹមដ៏ភ្លឺស្វាងមួយតាមរយៈការរាយការណ៍ថា ករណីវិជ្ជមានទាក់ទងនឹងចំនួននៃការធ្វើតេស្តបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដែលនេះជាលើកដំបូងចាប់តាំងពីថ្ងៃទី ១៥ ខែមេសាមក។ ករណីកូវីដ១៩ នៅប្រទេសឥណ្ឌាអាចឈានដល់ចំណុចឆ្លងខ្ពស់នៅចន្លោះពីថ្ងៃទី ៣-៥ ខែឧសភានេះ។ នេះបើយោងទៅតាមគំរូគណិតវិទ្យាពីក្រុមអ្នកវិទ្យាសាស្ត្រដែលបានផ្តល់យោបល់ដល់រដ្ឋាភិបាល។
មន្ទីរពេទ្យមានសមត្ថភាពការផ្គត់ផ្គង់អុកស៊ីហ្សែនវេជ្ជសាស្ត្រដល់អ្នកជំងឺមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយកន្លែងបូជាសពត្រូវបានកក់កុញ នៅពេលស្ថានភាពការរីករាលដាលនៅតែបន្តកើនឡើងជាលំដាប់ក្នុងប្រទេស។
យ៉ាងហោចណាស់មានរដ្ឋចំនួន ១១ និងទឹកដីរបស់សហពន្ធ័បានដាក់ចេញនូវទំរង់ នៃការរឹតត្បិតមួយចំនួនដើម្បីព្យាយាម និងទប់ស្កាត់ការឆ្លងនេះ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ណារិនដ្រាម៉ូឌី មានការស្ទាក់ស្ទើរក្នុងការដាក់ចេញនូវការរាំងខ្ទប់ប្រទេស ពីព្រោះលោកមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច។

មេដឹកនាំនៃគណបក្សប្រឆាំងទាំង ១៣ នៅថ្ងៃអាទិត្យនេះបានចុះហត្ថលេខាលើលិខិតមួយដែលជំរុញឱ្យលោក ម៉ូឌី ចាប់ផ្តើមចាក់វ៉ាក់សាំងជាតិដោយឥតគិតថ្លៃ និងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់អុកស៊ីហ្សែនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព។ ដោយសារតែកង្វះវ៉ាក់សាំង រដ្ឋជាច្រើនរបស់ប្រទេសឥណ្ឌាបានពន្យារពេលការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍កន្លងទៅ។ ហើយក្រសួងសុខាភិបាលបាននិយាយថា រដ្ឋមានវ៉ាក់សាំងចំនួន ១០ លានកន្លែងដែលស្តុកទុក និង ២ លានបន្ថែមទៀតនឹងចេញក្នុងរយៈពេល ៣ ថ្ងៃខាងមុខ។
បើទោះបីប្រទេសនេះជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកក៏ដោយក៏ឥណ្ឌាមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ខ្លួនឯងដែរ – ហើយបានធ្វើឱ្យខូចផែនការដើម្បីបង្កើន និងពង្រីកការចាក់ថ្នាំបង្ការចាប់ពីថ្ងៃសៅរ៍ទៀតផង។ក្នុងនោះ មានតែប្រហែល ៩ ភាគរយនៃប្រជាជន ១,៤ ពាន់លាននាក់របស់ខ្លួនដែលបានចាក់វ៉ាក់សាំង។
ប្រទេសឥណ្ឌាបានព្យាយាមបង្កើនសមត្ថភាពផលិតវ៉ាក់សាំងអោយបាន ៨០ លានដូសក្នុងមួយខែ ដោយសារកង្វះវត្ថុធាតុដើម និងវិទ្យាស្ថាន Serum ដែលបង្កើតវ៉ាក់សាំង AstraZenecaត្រូវបានអគ្គីភ័យឆេះ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

